ថៃ៖ រដ្ឋសភាថៃ នៅថ្ងៃទី ១៩ ខែមីនា នេះ បានបើកសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្រអាណត្តិទី ២៧ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស។ ក្រោយការជជែកដេញដោល និងការបោះឆ្នោតជាបុគ្គលដោយចំហ លទ្ធផលចុងក្រោយនៅវេលាម៉ោង ១:១០ រសៀល បានបង្ហាញថា លោក អនុទីន ចាន់វីរៈគុល ទទួលបានសំឡេងគាំទ្រលើសពីពាក់កណ្តាល (លើសពី ២៥១ សំឡេង) ដែលធ្វើឱ្យលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃជាផ្លូវការ។នេះបើតាមការចេញផ្សាយរបស់កាសែតKhaosod។
ក្នុងអង្គប្រជុំនោះ លោក ឆៃយ៉ាណុក ឈីតឆប មកពីគណបក្សភូមិចៃថៃ បានស្នើឈ្មោះលោក អនុទីន ចាន់វីរៈគុល ជាបេក្ខជន។ លោក រ៉ងស៊ីម៉ាន់ រ៉ូម មកពីគណបក្សប្រជាជន (People's Party) បានស្នើឈ្មោះលោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ។
ជាលទ្ធផល លោក អនុទីន បានទទួលជ័យជម្នះ ហើយសម្ព័ន្ធភាពរបស់លោកត្រូវបានគេរំពឹងថានឹងគ្រប់គ្រងអាសនៈចំនួន ២៩២ ក្នុងចំណោម ៤៩៩ អាសនៈ ក្នុងសភា។ ជាមួយលទ្ធផលនេះ លោក អនុទីន បានប្តេជ្ញាចិត្តថានឹងចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនថៃ។
គួរបញ្ជាក់ថា លោក អនុទីន បានក្លាយជានាយករដ្ឋមន្ត្រីថៃដំបូងគេក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ដែលអាចវិលត្រឡប់មកកាន់អំណាចវិញបានតាមរយៈការបោះឆ្នោតសាជាថ្មី។ដោយកាលពីឆ្នាំ២០២៥ លោកត្រូវបានបោះឆ្នោតផ្ដល់ទំនុកចិត្តដោយសមាជិកសភាភាគច្រើនក្នុងរដ្ឋសភា បន្ទាប់ពីលោកបានទទួលការគាំទ្រយ៉ាងខ្លាំងឱ្យឡើងធ្វើនាយករដ្ឋមន្រ្តីថៃ ពីសំណាក់គណបក្សប្រជាជន ដែលកាលនោះជាដៃគូសម្ព័ន្ធភាពដ៏សំខាន់របស់លោក។