ហ្សឺណែវ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថាខ្លួនកំពុងត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើងនឹងឈានរហូតដល់ការផ្ទុះទៅជាសង្រ្គាមលោកលើកទី៣។ លោកស្រី Hanan Balkhy នាយក WHO ក្នុងតំបន់មេឌីទែរ៉ាណេខាងកើត បានប្រាប់ POLITICO ថា បុគ្គលិកអង្គការសហប្រជាជាតិកំពុងតាមដានផលវិបាកនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើទីតាំងបរមាណូរបស់អ៊ីរ៉ង់ ហើយនៅតែ «ប្រុងប្រយ័ត្ន» ចំពោះការគំរាមកំហែងនុយក្លេអ៊ែរគ្រប់ប្រភេទ និងត្រៀមខ្លួនជាស្រេចប្រសិនបើសង្រ្គាមនេះប្រែក្លាយជាសង្រ្គាមនុយក្លេអ៊ែរ។
បើតាមលោកស្រី Hanan Balkhy សេណារីយ៉ូដ៏អាក្រក់បំផុតគឺឧប្បត្តិហេតុនុយក្លេអ៊ែរ ហើយនោះជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភបំផុត លោកស្រីព្រមានទៀតថាគ្មានអ្វីអាចការពារគ្រោះថ្នាក់ដែលនឹងកើតឡើងនោះទេ នៅទូទាំងពិភពលោក ប្រសិនបើរឿងនេះកើតឡើងនៅទីបំផុត ហើយផលវិបាកនឹងមានរយៈពេលរាប់ទសវត្សរ៍។
លោក Balkhy បញ្ជាក់ទៀតថាបុគ្គលិក WHO ត្រូវបានត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុនុយក្លេអ៊ែររួមទាំងការវាយប្រហារលើកន្លែងផលិតនុយក្លេអ៊ែរ ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម លោកស្រីថាពេលនេះ WHO កំពុងគិតអំពីវា ហើយ WHOសង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងនោះទេ។ លោកស្រីបន្តទៀតថា ខ្ញុំគិតថាអ្នកដែលអានប្រវត្តិនៃឧប្បត្តិហេតុពីមុន គឺដឹងយ៉ាងច្បាស់អំពីអ្វីដែលយើងកំពុងនិយាយ ដោយមានមនុស្សប្រមាណ ១១០,០០០ ទៅ ២១០,០០០ នាក់បានស្លាប់ដោយសារការវាយប្រហារនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ជប៉ុនក្នុងឆ្នាំ ១៩៤៥។
គួររម្លឹកថាកាលពីខែមិថុនា ឆ្នាំមុន សហរដ្ឋអាម៉េរិក ដោយសហការជាមួយអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរទូទាំងប្រទេសអ៊ីរ៉ង់។ អង្គការថាមពលអាតូមិកអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារបានកើតឡើងនៅទីតាំង Fordow, Isfahan និង Natanz របស់ខ្លួន។ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបន្តកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរចាប់តាំងពីប្រទេសទាំងពីរបានចាប់ផ្តើមការវាយលុកថ្មីរបស់ខ្លួននៅថ្ងៃទី ២៨ ខែកុម្ភៈលើអ៊ីរ៉ង់។
គ្រោះថ្នាក់នុយក្លេអ៊ែរឆ្នាំ ១៩៨៦ នៅរោងចក្រនុយក្លេអ៊ែរសូវៀតក្នុងទីក្រុង Chernobyl ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៣០ នាក់ក្នុងរយៈពេលប៉ុន្មានខែដំបូង ហើយក្រោយមកបានរួមចំណែកដល់ការកើនឡើងនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់៕