អាម៉េរិក៖ FBI អាម៉េរិកបានសម្រេចដាក់លោក Joseph Clay Kent (Joe Kent) ស្ថិតក្រោមការស៊ើបអង្កេតដោយបានចោទប្រកាន់ជាបណ្តោះអាសន្នថាលោកបានធ្វើឲ្យមានការលេចធ្លាយព័ត៌មានសម្ងាត់របស់អាម៉េរិកចេញទៅខាងក្រៅ។ ការដាក់លោកស៊ើបអង្កេតនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Joe Kent ដែលជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាម៉េរិក (NCTC) បានលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃទី១៧ ខែមីនា ដោយលើកឡើងពីការមិនពេញចិត្ត និង មិនអាចគាំទ្រដល់ប្រតិបត្តិការយោធារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសអ៊ីរ៉ង់។
ផ្អែកតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន FOX NEWS បានរាយការណ៍ដោយយោងតាមប្រភពបីដែលស្គាល់ពីបញ្ហានេះថាពេលនេះ ការិយាល័យ FBI កំពុងស៊ើបអង្កេតអតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ លោក Joe Kent ជុំវិញការចោទប្រកាន់ថាលោកបានលេចធ្លាយព័ត៌មានសម្ងាត់។
ក្នុងលិខិតលាលែង លោក Joe Kent បានសង្កត់ធ្ងន់ថា លោកមិនអាចបន្តបំពេញតួនាទីដោយមនសិការ ខណៈសហរដ្ឋអាម៉េរិកកំពុងបន្តសង្គ្រាមនៅអ៊ីរ៉ង់ ដែលលោកជឿថាជា «សង្គ្រាមដែលមិនចាំបាច់»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសអ៊ីរ៉ង់ មិនបានបង្កការគំរាមកំហែងបន្ទាន់ណាមួយដល់ប្រទេសជាតិរបស់យើងឡើយ ហើយវាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្គ្រាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែល និង ក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលរបស់អាម៉េរិក»។
ភ្លាមទីភ្នាក់ងារ FBI បានបដិសេធសំណើរបស់ Fox News សម្រាប់ការធ្វើអត្ថាធិប្បាយ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់ Fox News Digital ថា លោក Kent គឺជាអ្នកដែលបណ្តាលឲ្យលេចធ្លាយព័ត៌មានសំខាន់ជាច្រើនខែមុនពេលលោកលាលែងពីតំណែង៕