681 ezgif.com resize
Swift cc time

មន្ត្រីសន្តិសុខថៃចំនួន ៥ នាក់បានរងរបួសដោយសារការវាយប្រហារដោយបំផ្ទុះគ្រាប់បែកពីការផ្តាច់ខ្លួននៅខេត្តប៉ាតានី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ាតានី៖ ហេតុការណ៍ផ្ទុះគ្រាប់បែកចំនួនពីរលើក បានកើតឡើងក្នុងរយៈពេលមិនដល់ ១០ ម៉ោងផង នៅតាមប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងខេត្តប៉ាតានី ចាប់ពីល្ងាចថ្ងៃ១៧មីនា រហូតដល់ព្រឹកព្រលឹមថ្ងៃ១៨មីនានេះ បណ្ដាលឱ្យមន្ត្រីប៉ូលិសចំនួន ៥ រូបរងរបួស។

យោងតាមការរាយការណ៍ប្រាប់កាសែតថៃ Bangkok Post ហេតុការណ៍លើកទីមួយ បានកើតឡើងនៅវេលាម៉ោង ៦:៥៨ នាទីល្ងាចថ្ងៃ១៧មីនា នៅជិតប៉ុស្តិ៍ត្រួតពិនិត្យក្នុងភូមិ Ban Kha ស្រុក Panare ដោយគ្រាប់បែកដែលបង្កប់ក្នុងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបានផ្ទុះឡើង បង្កឱ្យប៉ូលិស ៥ រូបកំពុងប្រចាំការរងរបួសប៉ះពាល់ដល់ប្រព័ន្ធត្រចៀក (ស្ដាប់មិនសូវឮ)។

ការវាយប្រហារលើកទីពីរ បានកើតឡើងនៅវេលាម៉ោង ៤ ភ្លឺថ្ងៃ ១៨មីនា ដោយគ្រាប់បែកច្នៃបង្កប់ក្នុងម៉ូតូមួយគ្រឿងទៀត បានផ្ទុះឡើងនៅពីមុខផ្ទះមួយខ្នង ក្បែរទីបញ្ជាការកងអនុសេនាធំទាហានព្រាន ក្នុងស្រុក Khok Pho បណ្ដាលឱ្យខូចខាតផ្ទះ និងកន្លែងចតរថយន្ត ប៉ុន្តែមិនមានអ្នករងរបួស ឬបាត់បង់ជីវិតក្នុងហេតុការណ៍ទីពីរនេះឡើយ។

គួរបញ្ជាក់ថា ខេត្តប៉ាតានី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ មានព្រំប្រទល់ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។ប្រជាជនភាគច្រើនលើសលប់ជាអ្នកកាន់សាសនាឥស្លាម និង និយាយភាសាម៉ាឡេ។ហេតុការណ៍នេះ មិនមែនជារឿងថ្មីឡើយ ប៉ុន្តែវាគឺជាផ្នែកមួយនៃជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ៕

Khcct banner

អត្ថបទទាក់ទង