តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃ ១៨មីនានេះ បានប្រកាសធានាពីភាពរឹងមាំនៃក្បាលម៉ាស៊ីនដឹកនាំនយោបាយរបស់អ៊ីរ៉ង់ បើទោះបីមេដឹកនាំសំខាន់មួយចំនួនត្រូវបានធ្វើឃាតពីអាម៉េរិក និងអ៊ីស្រាអែលក្តី។លោកថា សហរដ្ឋអាម៉េរិក និង អ៊ីស្រាអែល នៅមិនទាន់យល់ច្បាស់ថា រដ្ឋាភិបាលអ៊ីរ៉ង់មិនពឹងផ្អែកលើបុគ្គលតែម្នាក់នោះទេ ប៉ុន្តែវាគឺជាគ្រោងសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និង សង្គមដ៏រឹងមាំបំផុត។នេះបើតាមការចេញផ្សាយរបស់កាសែតALJAZEERA។
លោក Araghchi បានលើកឡើងថា ទោះបីជាការបាត់បង់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei គឺជាការបាត់បង់ដ៏ធំធេងថ្នាក់ជាតិក៏ដោយ ក៏ប្រព័ន្ធដឹកនាំនៅតែបន្តដំណើរការ និងមានអ្នកជំនួសតំណែងភ្លាមៗ។
យោងតាមអ្នកវិភាគជាន់ខ្ពស់ លោក Marwan Bishara ការធ្វើឃាតថ្នាក់ដឹកនាំនយោបាយបែបនេះ គឺជាទង្វើ «ក្រុមទំនើង និងភេរវកម្ម» ដែលមិនមែនជាធម្មជាតិនៃសង្គ្រាមនោះឡើយ។
ជាចុងក្រោយ អ៊ីរ៉ង់បានប្រកាសថា ខ្លួនមិនមែនជាអ្នកជ្រើសរើសយកសង្គ្រាមនេះទេ ហើយសហរដ្ឋអាម៉េរិកត្រូវតែទទួលខុសត្រូវចំពោះផលវិបាកទាំងអស់ ដែលកើតចេញពីជម្លោះនេះ ទាំងផ្នែកមនុស្សធម៌ និងហិរញ្ញវត្ថុ ចំពោះពិភពលោកទាំងមូល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani ក៏ទើបតែត្រូវបានបញ្ជាក់ពីភាគីអ៊ីរ៉ង់ថាពិតជាត្រូវបានសម្លាប់ពីការវាយប្រហារពីទ័ពអាកាសអ៊ីស្រាអ៊ែលពិតមែន។