ភ្នំពេញ៖ជាថ្មីម្តងទៀត កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងសកម្មភាពឈ្លានពាន និង ការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់របស់ក្រុមយោធាថៃលើដែនអធិបតេយ្យជាតិកម្ពុជា ក្រោយបទឈប់បាញ់នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ តាមទីតាំងមួយចំនួន។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានរកឃើញថា ក្រុមយោធាថៃបានធ្វើសកម្មភាពបំពានច្បាប់លើតំបន់មួយចំនួនក្នុងនោះ៖ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបើ ប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និង សាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។នៅតំបន់មុំបី ខេត្តព្រះវិហារ ម្ដុំភ្នំ៤៦៩ ថៃ ឈូសឆាយដី សាងសង់ផ្លូវ និង រចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធ។
ចំណែកនៅភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ យោធាថៃបានធ្វើសកម្មភាព ឈូសឆាយដី និង សាងសង់ផ្លូវ។តំបន់អានសេះ ខេត្តព្រះវិហារ ថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ ផ្លូវ និង រចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះត្រូវ បានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្ដុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និង ភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃ សាងសង់រូបសំណាកព្រះពុទ្ធមួយអង្គ។
រីងនៅតំបន់តាថាវ ខេត្តព្រះវិហារ យោធាថៃ ឈូសឆាយដី សាងសង់ផ្លូវ និងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា រួមទាំងម្តុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និង តំបន់ច្រកតាថាវ។នៅតំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ ថៃ ឈូសឆាយដី និងសាងសង់ផ្លូវ និង រចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។ក្រៅពីនេះ កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ សាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំង ផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និង ភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និង ប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។
យោងតាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ សកម្មភាពខាងលើ គឺជាការរំលោភបន្ថែមទៀតចូលដែនអធិបតេយ្យជាតិកម្ពុជា រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការវាស់វែង និង បោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខារួមគ្នានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងរំលោភបំពានលើ សេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើក ទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ហើយវិលមកអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ៕