681 ezgif.com resize
Swift cc time

លោកបណ្ឌិត កៅ ថាច ចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

នូវែលហ្សេឡង់៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៣ ទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់ ក្នុងគោលដៅដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានិភ័យ។

បើតាមធនាគារ ARDB គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះរួមមាន៖ ការសិក្សាពីឥណទានចំគោលដៅ គឺដើម្បីពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំង ៣ ទីតាំងខាងលើដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។

គោលបំណងសំខាន់មួយទៀតនោះ គឺស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណើរទស្សនកិច្ចសិក្សានេះសំដៅពិនិត្យនិងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលមានស្តង់ដារខ្ពស់ និងលក្ខណៈទំនើបដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។

បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺស្ថិតក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពី ធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និង លោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato ៕


Khcct banner

អត្ថបទទាក់ទង