681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៦៩ម៉ឺននាក់ រយៈពេល២ខែដំបូងនៃឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៦៩ម៉ឺននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥,១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់ឯកឧត្តម Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត។

នាឱកាសនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត "ភាពជាដៃគូយុទ្ធសាស្រ្ត" រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្មឆបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន៕ 


Khcct banner

អត្ថបទទាក់ទង