681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអូទ្រីសចំនួន១៩ ចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីសនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗទាំង១៩។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ យុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីផលវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុងចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបន្ថែមថា ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលសិទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។

គួរបញ្ជាក់ថា គណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗទាំង១៩ ដែលបានចូលរួមក្នុងវេទិកានេះ ត្រូវបានដឹកនាំដោយ លោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត៕



Khcct banner

អត្ថបទទាក់ទង