អាម៉េរិក៖សម្ព័ន្ធមិត្តអង្គការណាតូ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាម៉េរិកជាច្រើន បានបដិសេធការអំពាវនាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ជូននាវាចម្បាំងទៅអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការបដិសេធនេះ ក្រោមហេតុផលថា អាម៉េរិកវាយប្រហារលើអ៊ីរ៉ង់ ដោយគ្មានសួរយោបល់ពីសម្ព័ន្ធមិត្តបន្តិច។
ប្រទេសទាំងអស់នោះមានជាអាទិ៍ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី អង់គ្លេស ជប៉ុន អូស្ត្រាលី សុទ្ធតែបានអះអាងថា ពួកគេពុំមានផែនការបញ្ជូននាវាទៅជួយបើកច្រកសមុទ្រ Hormuz នោះទេ។ការសម្រេចបដិសេធនេះ ដោយក្រុមប្រទេសធំៗទាំងអស់នោះ បារម្ភធ្វើឱ្យសង្ក្រាមកាន់តែរីកធំ ខណៈការវាយប្រហាររបស់អាម៉េរិកលើអ៊ីរ៉ង់ គឺមិនបានឆ្លងជាមួយសម្ព័ន្ធមិត្ត។
បន្ថែមពីនេះ ក្រុមប្រទេសទាំងនោះ បានបដិសេធមិនឱ្យមានកម្លាំងពីសម្ព័ន្ធមិត្តអង្គការណាតូ ចូលពាក់ព័ន្ធការវាយប្រហារអ៊ីរ៉ង់ ក្រោមហេតុផលថា គ្មានក្របខណ្ឌច្បាប់ឯណា មកអាចសម្រេចតម្រូវឲ្យណាតូ បញ្ជូនកម្លាំងកងទ័ព ទៅប្រតិបត្តិការនៅក្រៅព្រំដែនរបស់អូតង់នោះឡើយ។
ការប្រកាសយ៉ាងដូច្នេះ ក្រោយពី លោកដូណាល់ ត្រាំ បានប្រកាសហៅប្រទេសសម្ព័ន្ធមិត្តណាតូ ត្រូវតែបញ្ជូនកម្លាំងមកជួយការពារសន្តិសុខនៅតំបន់ច្រកសមុទ្រអកមូហ្ស ដែលជាផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញ ប្រេងកាត និងឧស្ម័ន។ លោកត្រាំ រិះគន់ចំៗទៅលើដៃគូថា ជា «ជនមិនដឹងគុណ»បន្ទាប់ពីអាម៉េរិកបានផ្ដល់ការគាំទ្រអស់រយៈពេលរាប់ទសវត្សរ៍មក៕