681 ezgif.com resize
Swift cc time

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ បញ្ជាក់ពីភាពរឹងមាំ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នៅថ្ងៃទី១៦មីនាម្សិលមិញ បានចេញសេចក្តីប្រកាស បញ្ជាក់ពីភាពរឹងមាំនៃ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC)។ជាមួយគ្នានោះ សមាគមបានច្រានចោលការចុះផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និង ហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។

យោងតាមសេចក្តីថ្លែងការណ៍ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា ភាពរអាក់រអួរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និង វិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា និងបានអំពាវនាវដល់សាធារណជន កុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។

Khcct banner

អត្ថបទទាក់ទង