681 ezgif.com resize
Swift cc time

កម្ពុជា រកឃើញ«ការបង្កកំណើតរបស់ផ្កាថ្ម»ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កោះកុង៖ កម្ពុជាប្រកាសពីការរកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹក ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំ កោះស្ដេចនៃខេត្តកោះកុង។ ការចុះអង្កេតនិងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ដោយមានការគាំទ្រពីក្រសួងកសិកម្ម ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ មូលនិធិសង្សារ - Bubbles Up Dive Centre និង Khmer Dive Group។

ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះ ទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាព ផ្កាថ្ម។ ការស្រាវជ្រាវនេះ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពី វដ្តបន្តពូជរបស់ផ្កា ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្ម ប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព។

ទិន្នន័យដែលប្រមូលបានក៏ផ្ដល់ជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិ រក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះ និងសហគមន៍ឆ្នេរសមុទ្រ ដែលពឹងផ្អែកលើ ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អសម្រាប់ជាអាហារ និងជីវភាពរស់នៅ។

កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និង រុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញ ដ៏ល្អមួយដែលបង្ហាញថា ផ្កាថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជានៅតែមានភាពធន់គួរឱ្យកត់សម្គាល់។ ការរកឃើញទាំងនេះ បង្ហាញពីសារៈសំខាន់នៃការបន្តសិក្សាស្រាវជ្រាវព្រឹត្តិការណ៍នេះ និងកិច្ចសហការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលអង្គការ និងដៃគូក្នុងស្រុក ដើម្បីធានាបាននូវការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏មានតម្លៃទាំងនេះ។”

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ភាពជោគជ័យនៃការ រកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្ត បន្ទាប់នៅក្នុងតំបន់ការពារសមុទ្ររបស់ប្រទេសកម្ពុជា។ ការសហការរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ឱ្យមានចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់។”

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ “លទ្ធផល ដែលបានបង្ហាញ ៣ ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ររបស់យើងកំពុងមានសុខភាពល្អ ហើយនេះក៏ជា សក្ខីភាពមិនអាចប្រកែកបាននៃជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់យើង។ យើងមិនមែន គ្រាន់តែមានគោលនយោបាយលើក្រដាសនោះទេ តែយើងមានលទ្ធផលជាក់ស្តែងនៅក្នុងសមុទ្រ។ ទោះជាយ៉ាង នេះក្តីយើងមិនត្រូវស្កប់ស្កល់នឹងលទ្ធផលថ្ងៃនេះត្រឹមប៉ុណ្ណោះទេ យើងនឹងខិតខំបន្តដើម្បីរក្សាលទ្ធផលនេះនៅឆ្នាំក្រោយៗទៀត។”

គួរកត់សម្គាល់ថា ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អគឺមានសារៈសំខាន់ណាស់ ក្នុងធានាបាននូវនិរន្តរភាព នៃធនធានជលផល និងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ឆ្នេរសមុទ្រ ក្រុមការងារនឹងយក ទិន្នន័យដែលប្រមូលបាន ទៅសិក្សាស្រាវជ្រាវបន្ថែមដើម្បី រួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានសមុទ្រ និង ធានាថាជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសកម្ពុជាឱ្យបន្តកើនឡើង៕

Khcct banner

អត្ថបទទាក់ទង