នូវែលហ្សេឡង់៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសនូវែលហ្សេឡង់ ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ ដែលមានឯកទេសខ្ពស់ក្នុងវិស័យកសិកម្ម និងចំណីអាហារ (Food & Agribusiness) ដោយផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់កសិករ និងខ្សែច្រវាក់ផលិតកម្មកសិកម្មទូទាំងសកលលោក។ ជំនួបនេះ ធ្វើឡើងដើម្បីនាំយកនូវបទពិសោធន៍ និងបច្ចេកទេសហិរញ្ញវត្ថុកម្រិតអន្តរជាតិ មកជួយជំរុញផលិតភាព និងទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
ជំនួបនេះត្រូវបាធ្វើឡើងរវាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB ជាមួយតំណាងធនាគារ Rabobank នៅប្រទេសណូវែលហ្សេឡង់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាម ធនាគារអភិវឌ្ឍន៍កសិកម្ម ដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញ តំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។
ជំនួបពិភាក្សានេះ ក៏បានផ្តោតលើការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើម ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។
ជំនួបពិភាក្សានេះ គឺជាសញ្ញាណវិជ្ជមានក្នុងការនាំយកនូវបទពិសោធន៍ និងបច្ចេកទេសហិរញ្ញវត្ថុកម្រិតអន្តរជាតិ មកជួយជំរុញផលិតភាព និងទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា៕