681 ezgif.com resize
Swift cc time

ក្រុមហ៊ុន PTT ថៃ បដិសេធពាក្យចចាមអារ៉ាមរឿងខ្វះខាតប្រេង ក្រោយពលរដ្ឋតវ៉ារឿងរឹតត្បិតបរិមាណលក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្រុមហ៊ុនថាមពលយក្ស PTT របស់ប្រទេសថៃ បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមអំពីការខ្វះខាតប្រេងម៉ាស៊ូតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់ពីមានការចែកចាយវីដេអូតាមបណ្ដាញសង្គម បង្ហាញពីការត្អូញត្អែររបស់ប្រជាពលរដ្ឋ និងកសិករដែលមិនអាចរកប្រេងចាក់បាននៅតាមស្ថានីយមួយចំនួន។

យោងតាមការចុះផ្សាយរបស់កាសែត The Nation ក្រុមហ៊ុន PTT បានបកស្រាយថា គោលការណ៍ណែនាំដែលកំណត់ការចាក់សាំងត្រឹម ៥០០ បាត(៦២០០រៀល)សម្រាប់រថយន្តធុនតូច និង ១,០០០ បាត(១២៣០០០រៀល)សម្រាប់រថយន្តធំ កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ គឺគ្រាន់តែជាវិធានការ «ត្រៀមលក្ខណៈ» ដើម្បីធានាឱ្យមានការចែកចាយប្រេងបានស្មើភាពគ្នាប៉ុណ្ណោះ។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ប្រេងក្នុងស្តុកនៅតែមានកម្រិតគ្រប់គ្រាន់ ប៉ុន្តែការសម្រុកទិញស្តុកទុក ពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឱ្យស្ថានីយមួយចំនួនតូចជួបបញ្ហាបច្ចេកទេសក្នុងការចែកចាយបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា ស្ថានភាពថាមពលកាន់តែមានភាពតានតឹង បន្ទាប់ពីតម្លៃប្រេងឆៅសកលបានហក់ឡើងដល់ ១០៦ ដុល្លារក្នុងមួយបារ៉ែល ដោយសារឥទ្ធិពលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។បញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាលថៃត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលខ្លួនកំពុងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិប្រេងឥន្ធនៈ ដើម្បីទប់តម្លៃប្រេងម៉ាស៊ូតក្នុងស្រុកឱ្យនៅក្រោម ៣០ បាត(៣៧០០រៀល)ក្នុងមួយលីត្រ ក្នុងគោលបំណងសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

Khcct banner

អត្ថបទទាក់ទង