ថៃ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(DDC) នៃប្រទេសថៃ បានចេញការព្រមាន និងប្រាប់ឱ្យពលរដ្ឋខ្មែរត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heat Stroke) ក្នុងអំឡុងរដូវក្តៅ ចាប់ផ្តើមពីចុងខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីទិន្នន័យកាលពីឆ្នាំ ២០២៥ បានបង្ហាញថា មានអ្នកធ្លាក់ខ្លួនឈឺស្លាប់ដោយជំងឺនេះកើនឡើងចំនួន ២១ នាក់។
យោងតាមការរាយការណ៍របស់កាសែតថៃ The Nation ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ភាគច្រើនគឺជាបុរសមានវ័យមធ្យម ៥១ ឆ្នាំ និង ជាកម្មករធ្វើការនៅទីវាល ហើយ តំបន់ភាគឦសាននៃប្រទេស មានអត្រាស្លាប់ខ្ពស់ជាងគេរហូតដល់ ៥២% ជាពិសេស ក្នុងខែមេសា សីតុណ្ហភាពអាចហក់ឡើងដល់ ៤១ អង្សាសេ។ កត្តារួមផ្សំផ្សេងទៀតបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត រួមមានជំងឺប្រចាំកាយ ការទទួលទានគ្រឿងស្រវឹង ក្នុងអាកាសធាតុក្តៅខ្លាំង។
អាជ្ញាធរសុខាភិបាលថៃ ណែនាំដល់ក្រុមងាយរងគ្រោះ ជាពិសេស មនុស្សចាស់ កុមារតូច និងអ្នកធ្វើការងារក្រៅអគារ ឱ្យចៀសវាងការធ្វើសកម្មភាពក្រោមពន្លឺថ្ងៃចន្លោះពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៣ រសៀល និង ត្រូវបរិភោគទឹកស្អាតឱ្យបានច្រើន ទោះបីមិនទាន់ស្រេកក៏ដោយ។
រោគសញ្ញាគួរឱ្យកត់សម្គាល់នៃជំងឺ Heat Stroke រួមមាន សីតុណ្ហភាពរាងកាយឡើងខ្ពស់លើសពី ៤០ អង្សាសេ វិលមុខ វង្វេងវង្វាន់ និងសន្លប់ តម្រូវឱ្យមានការសង្គ្រោះបន្ទាន់ភ្លាមៗ។ លើសពីនេះ ពលរដ្ឋគួរតែស្លៀកសម្លៀកបំពាក់រលុងៗ ចៀសវាងភេសជ្ជៈដែលមានជាតិផ្អែម ឬកាហ្វេអ៊ីនខ្លាំង និងដាច់ខាតកុំទុកកុមារ ឬសត្វចិញ្ចឹមនៅក្នុងរថយន្តដែលចតចោលក្រោមពន្លឺថ្ងៃឱ្យសោះ៕