ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា បានចេញសេចក្ដីណែនាំដល់គ្រប់មន្ទីរកសិកម្មរាជធានី-ខេត្ត ពិនិត្យបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលមានការដំឡើងថ្លៃ ខុសប្រក្រតី ជូនប្រជាកសិករ និងសហគមន៍កសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បន្ទាប់ពីក្រសួង បានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល ក្រសួងកសិកម្ម ណែនាំដល់គ្រប់មន្ទីរកសិកម្មរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់លើការងារសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។
បន្ថែមពីនេះ ក្រសួង ណែនាំឱ្យសម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់ មន្ទីររ៉ែ និងថាមពល និង/ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។ ម្យ៉ាងទៀត ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ក្នុងករណីពិនិត្យឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្លៃ ខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ៕