អ៊ីរ៉ង់៖ មេប៉ូលីសអ៊ីរ៉ង់ លោក Ahmadreza Radan បានប្រកាសកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ខ្លួនមនុស្សចំនួន ៥០០ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានសម្ងាត់ទៅកាន់សត្រូវ ស្របពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក កំពុងបន្តវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានពាក់កណ្តាលត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានទីតាំងគោលដៅសម្រាប់វាយប្រហារ និងលួចថតរូបភាពទីកន្លែងដែលរងការវាយប្រហារ ដើម្បីផ្ញើទៅឱ្យភាគីសត្រូវ។
របាយការណ៍ដដែលបានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅទូទាំងប្រទេស រួមមានតំបន់ភាគពាយព្យ និងភាគឦសាន។ សូម្បីតែនៅក្នុងតំបន់ដែលមិនទាន់រងការវាយប្រហារ ក៏មានការឃាត់ខ្លួនបុគ្គលដែលសង្ស័យថាបានស៊ើបការណ៍លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីតាំងយោធាសំខាន់ៗផងដែរ។
ជុំវិញបញ្ហានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចោទប្រកាន់ថា អ៊ីស្រាអែល និងអាម៉េរិកកំពុងប្រើប្រាស់ «ក្រុមឈ្លបយកការណ៍ និងភ្នាក់ងារស៊ីឈ្នួល» ដើម្បីបង្កចលាចល និងកុបកម្មផ្ទៃក្នុង បន្ថែមលើការឈ្លានពានតាមដែនអាកាស។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ អាជ្ញាធរអ៊ីរ៉ង់ក៏ធ្លាប់បានចាប់ខ្លួនមនុស្សចំនួន ៨១ នាក់រួចមកហើយ ក្រោមបទចោទប្រកាន់ពីបទ «ចែករំលែកព័ត៌មានផ្ទៃក្នុងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអរិភាព និង ក្រុមសត្រូវ»៕