អាម៉េរិក៖ មន្ទីរបញ្ចកោណរបស់អាម៉េរិក នៅថ្ងៃទី ១៤ មីនាម្សិលមិញ បានប្រកាសពីការកំណត់អត្តសញ្ញាណនាវិកអាកាសចំនួនប្រាំមួយនាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់យន្តហោះនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ក្នុងនោះអាម៉េរិក អះអាងថា ការធ្លាក់នេះមិនមែនដោយសារការបាញ់ប្រហារពីអ៊ីរ៉ង់នោះទេ ហើយបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
យោងតាមសារព័ត៌មាន CNN យោធាអាម៉េរិកបាននិយាយថា សមាជិកនាវិកបាននៅលើយន្តហោះចម្បាំង KC-135 Stratotanker របស់កងទ័ពអាកាសនៅពេលដែលវាបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ឧបទ្ទវហេតុនេះគឺ មិនមែនដោយសារការបាញ់ប្រហារពីអ៊ីរ៉ង់នោះទេ ហើយឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា យន្តហោះចាក់ប្រេងលើអាកាសប្រភេទ KC-135 មួយគ្រឿង បានជួបឧប្បត្តិហេតុធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ក្នុងហេតុការណ៍នេះ នាវិកអាកាស ៤ នាក់បានស្លាប់ភ្លាមៗនៅកន្លែង ហើយ២នាក់ទៀតស្លាប់តាមក្រោយ បន្ទាប់ពីក្រុមអ្នកសង្គ្រោះជួយអស់លទ្ធភាព៕