681 ezgif.com resize
Swift cc time

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់អ្នកសម្របសម្រួល UN ប្រចាំកម្ពុជា ពីសកម្មភាព«រំលោភច្បាប់អន្តរជាតិ»របស់ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃទី១២មីនា បានបន្តថ្លែងប្រាប់លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពីសកម្មភាព«រំលោភច្បាប់អន្តរជាតិ»របស់ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

លោកទេសរដ្ឋមន្ត្រី លោក កែវ រ៉េមី បានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែន កម្ពុជា−ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្រ្តីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក, ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ, ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាង ពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ក្នុងឱកាសនេះ លោកស្រី Vadanka Andreeva បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយយន្តការ អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្ស និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សហគមន៍ LGBTQIA+។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះ ដែលបានកើត ឡើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

លោកស្រីបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និង ច្បាប់អន្តរជាតិត្រូវតែគោរព លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃលំហរស៊ីវិល និងតួនាទី របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុងពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការ សង្គមស៊ីវិល និងបានបើកចំហលំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិមនុស្ស៕

Khcct banner

អត្ថបទទាក់ទង