ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នៅថ្ងៃទី១៣ ខែមីនា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើកងទ័ពបារាំងក្នុងប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឱ្យទាហានម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ដោយលោកបានសង្កត់ធ្ងន់ថា វត្តមានរបស់កងកម្លាំងបារាំងនៅទីនោះគឺស្ថិតក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងភេរវកម្មតែប៉ុណ្ណោះ ហើយសង្គ្រាមនៅអ៊ីរ៉ង់មិនអាចយកមកធ្វើជាលេសសមស្របសម្រាប់បង្កការវាយប្រហារបែបនេះឡើយ។
យោងតាមកាសែតAljazeera ការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមតស៊ូអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ ដែលមាននិន្នាការទៅរកទីក្រុងតេអេរ៉ង់ ខណៈដែលអ្នកវិភាគមើលឃើញថា ប្រទេសអ៊ីរ៉ាក់កំពុងក្លាយជា «សមរភូមិទីពីរ» នៅក្នុងជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ម៉ាក្រុង បានប្រកាសបញ្ជូននាវាផ្ទុកយន្តហោះដ៏មានឥទ្ធិពលបំផុតគឺ Charles de Gaulle ទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ ព្រមទាំងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសបន្ថែមនៅប្រទេសស៊ីប ដើម្បីត្រៀមលក្ខណៈក្នុងករណីជម្លោះកាន់តែរីកធំឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។