ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៣ មីនានេះ បានសម្រេចអនុម័តជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam»ជាផ្លូវការ។ក្រោយអនុម័ត សេចក្តីព្រាងច្បាប់នេះនឹងត្រូវបន្តបញ្ជូនទៅកាន់រដ្ឋសភាជាតិ ដើម្បីពិនិត្យ និង អនុម័ត។នេះបើយោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងប្រាប់ ស៊ីស៊ីថាមស៍។
លោកស្រី ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅល្ងាចថ្ងៃទី ១២ មីនាថា ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
បើតាមលោកស្រី ឌី ម៉ូឡានី បានពន្យល់ថា សេចក្តីព្រាងច្បាប់ប្រឆាំង Online Scam តាក់តែងឡើងស្របជាមួយស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និង តាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់តាមទាន់ជាមួយនឹងបទល្មើសទាំងអស់នេះ ដើម្បីដាក់ទោសជនល្មើស។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកបញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើង ហើយការងារនេះ គឺជាកិច្ចការងារធ្វើជាប្រចាំ និង ជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ។
សម្តេចហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងច្បាប់នេះ ក៏បានកំណត់ និង ដាក់ចេញនូវកាតព្វកិច្ចមួយចំនួន ចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ៕