អ៊ីរ៉ង់៖ ទីប្រឹក្សាមេដឹកនាំកំពូល និងជាមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ លោក Ali Larijani កាលពីថ្ងៃទី១២ ខែមីនា បានលើកឡើងតាមរយៈបណ្ដាញសង្គមថា «លោក ដូណាល់ ត្រាំ បានអះអាងថាអាម៉េរិកមានសមត្ថភាពបំផ្លាញបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ទាំងស្រុងក្នុងរយៈពេលត្រឹមតែមួយម៉ោង ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ហ៊ានធ្វើវានៅឡើយទេ»។
លោក Ali Larijani បានព្រមានតបវិញថា ប្រសិនបើអាម៉េរិកសម្រេចចិត្តធ្វើបែបនោះមែន វានឹងធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពងងឹតសូន្យឈឹងក្នុងរយៈពេលមិនដល់កន្លះម៉ោងផង។ លោកបានសង្កត់ធ្ងន់ថា ភាពងងឹតនេះហើយគឺជា «ឱកាសមាស» សម្រាប់កងទ័ពអ៊ីរ៉ង់ ក្នុងការបើកប្រតិបត្តិការតាមប្រមាញ់កងទ័ពអាម៉េរិក ដែលលោកជឿថានឹងត្រូវភ័យស្លន់ស្លោរត់រកកន្លែងសុវត្ថិភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថាការបង្ហោះនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារឌឺដងអំពីសមត្ថភាពយោធារបស់អាម៉េរិកក្នុងការកម្ទេចបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់នៅថ្ងៃដដែលនោះ បង្ហាញពី «សង្គ្រាមសម្តី» ឬ«សង្គ្រាមចិត្តសាស្ត្រ»ដ៏តានតឹងបំផុតរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា។