681 ezgif.com resize
Swift cc time

ដេប៉ូ និងអនុស្ថានីយ៍លក់រាយ«ប្រេងឥន្ធនៈ»ជិត ២០០០ កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី ១១ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និង អនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ នេះបើយោងតាមការអះអាងរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ហើយចុះផ្សាយដោយក្រសួងព័ត៌មាន។

យោងតាមលោកស្រី ចម និម្មល បានគូសបញ្ជាក់ថា នៅទូទាំងប្រទេស កម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង៦.៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ បិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។

លោកស្រីបានថ្លែងថា «យើងមានមន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយក្នុងករណីរក ឃើញមានប្រេងឥន្ធនៈស្តុកទុកដោយមិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នោះម្ចាស់អាជីវកម្មនឹងរងការពិន័យ និងបិទអាជ្ញាប័ណ្ណ អាជីវកម្មទាំងស្រុង។ ប៉ុន្តែបើក្នុងករណីរកឃើញអស់ស្តុកមែន រដ្ឋនឹងអន្តរាគមន៍ជាមួយវិស័យឯកជន ដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្ម»។

ទាក់ទងនឹងតម្លៃប្រេងបច្ចុប្បន្ន លោកស្រី រំពឹងថា តម្លៃប្រេងឥន្ធនៈក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានការធ្លាក់ចុះវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី ១២ ខែមីនានេះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់ តម្លៃ៥.២០០រៀល ក្នុងមួយលីត្រ ហើយតម្លៃសម្រាប់ប្រេងម៉ាស៊ូតគឺ ៦.០៥០រៀល ក្នុងមួយលីត្រ។ តម្លៃបន្ទាប់ក្រសួងពាណិជ្ជកម្មនឹងប្រកាសបន្ត៕

Khcct banner

អត្ថបទទាក់ទង