ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ ដែលជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា នឹងប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿងមកពី៤០ប្រទេស ក្នុងនោះមានភាពយន្ត កម្ពុជាប្រមាណ៦០រឿង ចាក់បញ្ជាំងទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤-២៩ មីនា ២០២៦ នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ក្នុងរយៈពេល ៦ថ្ងៃនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦ (CIFF) នឹងចាក់បញ្ចាំងភាពយន្តនិងព្រឹត្តិការណ៍ជាង១៥០ដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ រួមមាន រោងភាពយន្ត Legend Cinema Olympia, រោងភាពយន្ត Legend Exchange Square, រោងភាពយន្ត Fable Cinema, វិទ្យាស្ថានបារាំង (Institut français du Cambodge), មជ្ឈមណ្ឌលបុប្ផាណា, Rosewood Phnom Penh, រោងភាពយន្ត Sabay Cinema (ផ្សារទំនើប អ៊ីអនទី១) ព្រមទាំងការចាក់បញ្ចាំងនៅទីវាល(open-air)នៅ WalkingStreetមាត់ទន្លេ និងកម្មវិធី «ពិធីបុណ្យជនជាតិដើមភាគតិច៖ ទឹក ដី ព្រៃឈើ»នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
ចំណុចសំខាន់នៃកម្មវិធីឆ្នាំ២០២៦ នេះគឺកម្មវិធីពិសេសធំៗចំនួន៣ រួមមាន៖ កម្មវិធីរំលឹកគុណ អ្នកស្រី អួង កន់ធួក (សិតា អួង)កន់ធូក (Tribute to Uong Kan Thouk), កម្មវិធីប្រទេសនិយាយភាសាបារាំងឬហ្វ្រង់កូហ្វូនី (Mondes Francophones) និងកម្មវិធី គ្រាប់ពូជនៃសន្តិភាព៖ មេរៀនពីអតីតកាល (Seeds of Peace: LessonsfromthePast)។ កម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយរបស់CIFFដែលមានបំណងគោរពដល់កេរដំណែលភាពយន្តអបអរសាទរការផ្លាស់ប្តូរវប្បធម៌និងបង្កើតលំហសម្រាប់ការពិភាក្សាដ៏មានសារៈសំខាន់អំពីការចងចាំ ភាពធន់ និងសន្តិភាព។
ចំណុចលេចធ្លោបំផុតមួយនៃCIFF2026គឺការរំលឹកគុណដល់អ្នកដឹកនាំរឿងខ្មែរឆ្នើមគឺអ្នកស្រីអួងកន់ធួកឬដែលគេស្គាល់ថាអួងសិតា។ កម្មវិធីនេះ នឹងបង្ហាញស្នាដៃភាពយន្តចំនួន៣របស់អ្នកស្រីគឺ៖ ពេលដែលត្រូវយំ (១៩៧២), មួយម៉ឺនអាល័យ(១៩៧០) និង ថាវរីមាសបង(១៩៦៨)។ ការចាក់បញ្ចាំងទាំងនេះនឹងបើកឲ្យទស្សនិកជនចូលទស្សនាដោយសេរីនៅ មជ្ឈមណ្ឌលបុប្ផាណា។
តាមរយៈកម្មវិធី Mondes Francophones នេះ CIFF2026 ធ្វើការអបអរសាទរភាពសម្បូរបែប និងចម្រុះនៃបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈភាពយន្តមកពី កម្ពុជា កាណាដា និងប្រទេសផ្សេងៗទៀត ស្របពេលដែលកម្ពុជាក៏មានព្រឹត្តិការណ៍វប្បធម៌ហ្វ្រង់កូហ្វូនដ៏ធំនៅក្នុងឆ្នាំ២០២៦នេះផងដែរ។
កម្មវិធី គ្រាប់ពូជនៃសន្តិភាព៖ មេរៀនពីអតីតកាល សម្រាប់ឆ្នាំនេះ បានប្រមូលផ្តុំនូវភាពយន្តដែលនិយាយអំពីជម្លោះ ការចងចាំ ការតស៊ូរស់រានមានជីវិត និងការសះស្បើយផ្លូវចិត្ត។ កម្មវិធីពិសេសនេះឆ្លុះបញ្ចាំងពីភាពធន់ និងថាមពលនៃការផ្លាស់ប្តូររបស់អ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងភាពចលាចល។
គួរបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិឈានមុខគេរបស់កម្ពុជាដោយស្វាគមន៍អ្នកចូលរួមជាង ២០,០០០នាក់ ជារៀងរាល់ឆ្នាំ និងដើរតួជាស្ពានតភ្ជាប់រវាងភាពយន្តកម្ពុជា និងពិភពលោក។
ការចូលទស្សនាគឺ ឥតគិតថ្លៃតាមគោលការណ៍មកមុនបានមុន(first-come,first-served basis) ដោយសំបុត្រមានផ្តល់ជូននៅបញ្ជរបែងចែកសំបុត្ររោងភាពយន្តរយៈពេលមួយម៉ោងមុនពេលចាក់បញ្ចាំងនីមួយៗ៕