Cctimesw1140xh150cm copy

គ្រឹះស្ថានឧត្តមសិក្សា៖ការឱ្យសិស្សទី១២ជាប់ស្វ័យប្រវត្តិជាជម្រើសល្អ តែគុណភាពអាចធ្លាក់បន្តិច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា។

ភ្នំពេញ៖ គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាយល់ឃើញចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលដែលអនុញ្ញាតឲ្យសិស្សទី១២ជាប់ដោយស្វ័យប្រវត្តិជាជម្រើសល្អ ប៉ុន្តែគុណភាពសមត្ថភាពនិងចំណេះដឹងរបស់សិស្សមានការធ្លាក់ចុះបន្តិចបន្តួច បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាមានសេចក្តីអបអរសាទរចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យសិស្សទី១២ជាប់ដោយស្វ័យប្រវត្តិ ព្រោះថាការសិក្សាក្នុងសម័យកូវីដ១៩មានផលលំបាកច្រើនទាំងការសិក្សា និងការប្រឡងដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំមនុស្សច្រើនដើម្បីមកប្រឡង។ ជាក់ស្តែងអ្នកពាក់ព័ន្ធនឹងការប្រឡងនេះ ទាំងសិស្ស ទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលាទាំងអស់សុទ្ធតែមានអារម្មណ៍ភ័យខ្លាចនឹងការឆ្លងកូវីដ។ ដូច្នេះវាពិតជាពិបាកណាស់ក្នុងការរៀបចំការប្រឡងសម្រាប់សិស្សទី១២។

លោកបណ្ឌិតបានបន្តថា ចំពោះលោកផ្ទាល់យល់ថា ការសម្រេចរបស់រដ្ឋាភិបាលនេះ គឺជាជម្រើសដ៏ល្អ ព្រោះដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ទើបក្រសួងអប់រំចេះតែមានការលើកពេលប្រឡងជាច្រើនលើកច្រើនសារ។ ស្របជាមួយគ្នានេះ ប្រទេសកម្ពុជាកំពុងវាយប្រហារដោយការផ្ទុះឡើងវិញនៃការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ ដែលជាហានិភ័យខ្ពស់នៃឆ្លងដែលមិនធ្លាប់មានពីមុនមក ទើបរដ្ឋាភិបាលសម្រេចឲ្យសិស្សទី១២ជាប់ដោយស្វ័យប្រវត្តិ។

បើតាមលោកបណ្ឌិតបានបញ្ជាក់ថា ថ្វីត្បិតតែគុណភាពចំណេះដឹងមានការធ្លាក់ចុះបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំមុនក៏ពិតមែន ប៉ុន្តែនៅពេលដែលសិស្សបន្តការសិក្សាចូលទៅក្នុងមហាវិទ្យាល័យក៏មានការសិក្សាបំប៉នបន្ថែមនូវថ្នាក់មូលរដ្ឋ ហើយសាកលវិទ្យាល័យខ្លះទៀតក៏មានការប្រឡងចូលទើបមានសិទ្ធិចូលរៀនបាន។ ដូច្នេះលោកបណ្ឌិតយល់ថាសមត្ថភាពនិងចំណេះដឹងរបស់សិស្សទី១២ក្នុងសម័យកូវីដនេះមិនមានការធ្លាក់ចុះច្រើនទេ ព្រោះសិស្សក៏បានសិក្សាសម្រាប់ការប្រឡងតាំងពីដើមឆ្នាំមក ហើយគិតមកដល់ពេលនេះរយៈពេលនៃការសិក្សាក៏យូរដែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំបន្ទាន់មួយនាព្រឹកនេះ ដើម្បីពិភាក្សាពាក់ព័ន្ធនិងសំណើរសម្ដេចនាយករដ្ឋមន្រ្តី ចំពោះសិស្សថ្នាក់ទី១២ ដែលតម្រូវឱ្យជាប់ដោយស្វ័យប្រវត្តិ។ ការបើកកិច្ចប្រជុំនេះបន្ទាប់ពីការថ្លែងរបស់សម្ដេចកាលពីថ្ងៃម្សិលមិញនេះ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានគោរព និងទទួលអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលស្នើសុំឱ្យសិស្សថ្នាក់ទី១២ជាប់ការប្រឡងដោយស្វ័យប្រវត្តិ តែយ៉ាងណានោះ ក្រសួងអប់រំកំពុងពិភាក្សាត្រួតពិនិត្បន្ថែមទៀតចំពោះបញ្ហានេះ។

តាមការបញ្ជាក់ពីក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានទទួលអនុសាសន៍របស់សម្ដេច ដោយនឹងរៀបចំក្រុមការងារពិភាក្សាផ្ទៃក្នុងអំពីបញ្ហានៃការប្រឡងបាក់ឌុប ហើយលទ្ធផលយ៉ាងណានោះ ក្រសួងនឹងជម្រាបជូននាពេលបន្ទាប់។

សូមជម្រាបជូនថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៥ ធ្នូ កន្លងទៅ បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់ ហើយស្នើឱ្យសិស្សថ្នាក់ទី១២ ជាប់ការប្រឡងដោយស្វ័យប្រវត្តិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: បាក់ឌុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង