Cctimesw1140xh150cm copy

សិស្សជាប់បាក់ឌុបត្រៀមបញ្ចេញសមត្ថភាពនៅពេលប្រឡងចូលសាកលវិទ្យាល័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំបានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ដែលបានដាក់ពាក្យប្រឡងទាំងអស់ជាប់ដោយស្វ័យប្រវត្តិដោយមិនមានកំណត់និទ្ទេស។ សិស្សមួយចំនួនមិនអស់ចិត្តរឿងនិទ្ទេស ដោយសិស្សខ្លះបាននិយាយថាពួកគេខិតខំរៀនយូរហើយ គឺដើម្បីបានប្រឡងបាក់ឌុបចង់ដឹងពីសមត្ថភាពរបស់ខ្លួន ប៉ុន្តែដោយការប្រឡងបាក់ឌុបឆ្នាំនេះស្ថិតក្នុងបរិបទកូវីដ១៩ក្រសួងអប់រំមិនអាចរៀបចំការប្រឡងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សិស្សដែលបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាថានឹងរង់ចាំបញ្ចេញសមត្ថភាពនៅពេលប្រឡងចូលសាកលវិទ្យាល័យ។

យុវតី អ៊ុំ ដាយ៉ា ជាអតីតសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក។ ក្នុងនាមជាសិស្សដែលបានប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ ដាយ៉ាឯកភាពសម្រាប់ដំណោះស្រាយមួយដែលក្រសួងបានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ។ 

យុវតីរូបនេះបានបន្តថា ពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងជាងមុន បើនៅតែប្រថុយទៅប្រឡងអាចបណ្តាយឲ្យមានការឆ្លងកាន់តែពិបាកទប់ស្កាត់។ ក្នុងដំណាក់កាលនេះ យើងមិនគួរមើលឃើញពីប្រយោជន៍ផ្ទាល់ខ្លួនហើយមិនគិតពីសុខភាពមនុស្សជាតិទេ ហើយវាក៏ជាការល្អព្រោះនឹងមិនមានការពន្យារពេលក្នុងការប្រឡងចូលសាកលវិទ្យាល័យ។ រឿងនិទ្ទេសវិញ យុវតី ដាយ៉ា មិនសូវអស់ចិត្តដែរ ប៉ុន្តែដាយ៉ាគិតថាសមត្ថភាពនៅតែសមត្ថភាព ពិតឬអត់។ បើពូកែមែនក៏ត្រៀមប្រឡងយកអាហារូបករណ៍វិញ។ សម្រាប់ដាយ៉ាផ្ទាល់ ជ្រើសរើសរៀនជំនាញឱសថសាស្រ្ត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

យុវតី លាង ទិត្យនីតា ជាអតីតសិស្សថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូក។ នីតា សប្បាយចិត្តដែលសិស្សថ្នាក់ទី១២ឆ្នាំនេះបានជាប់ទាំងអស់។ ប៉ុន្តែដោយសារតែនីតាខំប្រឹងរៀនតាំងពីដើមមក គឺដើម្បីយកនិទ្ទេសថ្នាក់ទី១២ មានអារម្មណ៍ថារៀងតូចចិត្តបន្តិចបន្តួច យ៉ាងណាក៏ដោយនៅពេលចូលរៀននៅសាកលវិទ្យាល័យនឹងមានការធ្វើតេស្តសមត្ថភាពដែរ។ 

នីតាបាននិយាយថា «ប្រសិនបើឲ្យពួកខ្ញុំបន្តការប្រឡងតទៅទៀត ក៏ប្រហែលជាអាចប៉ះពាល់ផ្លូវចិត្តខ្លាំងជាងមុនដែរ។ សម្រាប់អ្នកដែលខិតខំរៀនតាំងតែពីដើមដូចខ្ញុំចឹងគឺ អារម្មណ៍ពួកគាត់ក៏រៀនតូចចិត្តដែរ ថាខ្លួនឯងខំប្រឹងរៀន បែរជាអត់បានការប្រឡងដែរ។ ប៉ុន្តែបើគិតមកក្នុងផ្លូវវិជ្ជមានវិញក្រសួងធ្វើចឹងក៏វាសមហេតុផលម្យ៉ាងដែរ ព្រោះមិនចង់ខាតពេលនៅក្នុងការរកឱកាសទៅរៀននៅក្នុងសាកលឬក៏កុំឲ្យខាតពេលក្នុងការរៀនទី១២ទៀត ព្រោះថ្នាកទី១២រៀនមួយឆ្នាំជាងហើយខាងក្រសួងអប់រំចេះតែប្រកាសពន្យារពេលការប្រឡងរហូតហើយវាក៏ជាកត្តាធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍សិស្សទី១២។ សម្រាប់យុវតី លាង ទិត្យនីតា ផ្ទាល់នឹងបន្តការសិក្សានៅសាកលវិទ្យាល័យសិក្សាទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស ឬក៏ជំនាញគូរប្លង់នៅសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ។

យុវតី នី មុន្នី ជាអតីតសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក។ យុវតី នី មុន្នី បាននិយាយថា សម្រាប់ការមិនមានការប្រឡងបាក់ឌុបឆ្នាំនេះល្អដែរ ព្រោះការពារកុំឲ្យឆ្លងកូវីដ១៩កាន់តែច្រើន ប៉ុន្តែយុវតីរូបនេះ ស្តាយថាឆ្នាំនេះមិនបានប្រឡង ព្រោះចង់តេស្តសមត្ថភាពខ្លួនឯង ហើយមានមនុស្សមួយចំនួនបាននិយាយថា អត់ប្រឡងបានជាប់ងាយៗគឺមិនសូវពេញចិត្តចំពោះរឿងនេះ។ 

ទន្ទឹមននេះ យុវតី នី មុន្នី បានបន្តថា ប៉ុន្តែរឿងនិទ្ទេសសិស្សអាចតេស្តសមត្ថភាពសិនទើបអាចចូលរៀននៅមហាវិទ្យាល័យមួយចំនួនបាន។ ហើយបច្ចុប្បន្ន យុវតី មុន្នី ចាប់អារម្មណ៍មុខវិជ្ជាពីរគឺជំនាញផ្នែក Interior Design ឬផ្នែកជំនួញ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

យុវតី ភា ម៉ារីយ៉ា អតីតសិស្សថ្នាក់ទី១២នៅវិទ្យាល័យជាស៊ីមសាមគ្គី។ សម្រាប់យុវតី ម៉ារីយ៉ា យល់ឃើញថាការណ៍ដែលក្រសួងអប់រំឲ្យសិស្សទី១២ជាប់ដោយស្វ័យប្រវត្តិជារឿង។ ចំពោះរឿងនិទ្ទេសវិញ ម៉ារីយ៉ាក៏មិនអស់ចិត្តដែរ ព្រោះខ្លួនគិតថាមានមនុស្សខ្លះគិតថាការប្រឡងបាក់ឌុបឆ្នាំនេះក្រសួងអប់រំឲ្យសិស្សជាប់ងាយៗពេក សិស្សប្រហែលជាគ្មានសមត្ថភាពគ្រប់គ្រាន់ទេ។ ផ្ទុយមកវិញ បើសិស្សដែលខំប្រឹងរៀនច្បាស់ណាស់គេនឹងនៅតែខ្លាំងនិងមានសមត្ថភាពដដែល។ សម្រាប់ម៉ារីយ៉ា មានបំណងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ដោយឡែកពាក់ព័ន្ធនឹងការប្រឡងចូលរៀន និងការប្រឡងយកអាហារូបករណ៍នៅតាមបណ្តាសាកលវិទ្យាល័យគឺមិនទាន់មានការឆ្លើយតបពីខាងក្រសួងអប់រំទាក់ទិននឹងការមិនកំណត់និទ្ទេសដែលខុសប្លែកពីការប្រឡងបាក់ឌុបឆ្នាំមុនៗ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៥ ធ្នូ កន្លងទៅ បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់ ហើយស្នើឱ្យសិស្សថ្នាក់ទី១២ ជាប់ការប្រឡងដោយស្វ័យប្រវត្តិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: បាក់ឌុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង