ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យសិស្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី៩ ដែលត្រូវប្រឡងឆ្នាំនេះ ជាប់ដោយស្វ័យប្រវត្តទាំងអស់។ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសារអបអរសាទរលាយឡំនឹងការអំពាវនាវដល់សិស្សដែលទើបជាប់បាក់ឌុបជ្រើសរើសជំនាញណាដែលពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤។
ឯកឧត្តម ជា វ៉ាន់ដេត បានអះអាងថា ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ សិស្សទាំងអស់គួរពិចារណាសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤។
ក្រសួងប្រៃសណីយ៍ សង្ឃឹមថាសិស្សទាំងអស់នឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិកខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។