អ៊ីរ៉ង់៖ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់កម្រិតអាសន្នថ្មីមួយ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដុតបំផ្លាញនាវាដឹកប្រេងចំនួន ២ គ្រឿងក្នុងដែនទឹកអ៊ីរ៉ាក់ និងវាយប្រហារលើឃ្លាំងផ្ទុកប្រេងក្នុងប្រទេសបារ៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់បានផ្ញើសារព្រមានយ៉ាងចំហទៅកាន់ពិភពលោកឱ្យត្រៀមខ្លួនចំពោះតម្លៃប្រេងហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ដោយអះអាងថា សន្តិសុខថាមពលពិភពលោកអាស្រ័យលើសន្តិសុខក្នុងតំបន់ដែលកំពុងត្រូវបានបង្កអស្ថិរភាពដោយសហរដ្ឋអាម៉េរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្របពេលជាមួយគ្នានេះ ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ត្រូវបានបិទខ្ទប់ទាំងស្រុងក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងមានការរាយមីន ដែលធ្វើឱ្យនាវាទាំងអស់មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។
ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងអាម៉េរិកបានកម្ទេចនាវាអ៊ីរ៉ង់ចំនួន ៥៨ គ្រឿងរួចមកហើយ និងបានអនុញ្ញាតឱ្យបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ១៧២ លានបារ៉ែល ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេង។
ចំណែក អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួននៅមានបញ្ជីគោលដៅវាយប្រហារជាច្រើនទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរផងដែរ ខណៈដែលអ៊ីរ៉ង់ក៏បានព្រមានវិញថា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់នឹងក្លាយជាគោលដៅសងសឹក ប្រសិនបើកំពង់ផែរបស់ខ្លួនរងការគំរាមកំហែង។
រហូតមកដល់ពេលនេះ សង្គ្រាមនេះបានបណ្តាលឱ្យមនុស្សប្រហែល ២,០០០ នាក់បាត់បង់ជីវិត និងកំពុងរុញច្រានទីផ្សារថាមពលសកលឱ្យធ្លាក់ចូលក្នុងភាពច្របូកច្របល់បំផុត មិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។