ភ្នំពេញ៖ កម្ពុជា-អាម៉េរិក សហការគ្នារៀបចំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ កិច្ចសន្ទនានេះត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងតំណាងស្ថាប័នរដ្ឋ ឯកជនជាច្រើនទៀត។
កិច្ចសន្ទនាលើកទី៤ នារសៀលនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថាកិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។
លោកបន្តថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនគឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយគោលការណ៍នេះធានាថាការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។
ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា តាមរយៈវេទិកានៃកិច្ចសន្ទនានារសៀលនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា៕