សិង្ហបុរី៖ កម្ពុជា-សិង្ហបុរី បញ្ជាក់អំពីការប្តេជ្ញារួមក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់ពីកិច្ចសហប្រតិបត្តិការនយោបាយ រហូតដល់កិច្ចសហការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅសិង្ហបុរី។
ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថាទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួម ក្នុងការជំរុញទំនាក់ទំនាក់ដ៏ កក់ក្ដៅដែលមានស្រាប់ ហើយបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀតទាត់ ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើន។ ទស្សនកិច្ចជាផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសសិង្ហបូរី ។ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ និងទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង នៅកម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរី ដែលបន្តគាំទ្រការកសាង សមត្ថភាពកងយោធពលខេមរភូមិន្ទ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម ។ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់អំពីការប្តេជ្ញារួមក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់៕