ម៉ាឌ្រីដ៖ រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេចដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល «ជាអចិន្ត្រៃយ៍» ដែលជាការធ្វើឱ្យកើនឡើងនូវភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ ជុំវិញការប្រឆាំងរបស់អេស្ប៉ាញចំពោះការបើកប្រតិបត្តការយោធារួមគ្នាអាម៉េរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសេចក្តីប្រកាសក្នុងព្រឹត្តិបត្រផ្លូវការរបស់រដ្ឋាភិបាល (Official Gazette) តំណែងឯកអគ្គរាជទូតអេស្ប៉ាញប្រចាំទីក្រុងតេឡាវិវ (Tel Aviv) ត្រូវបានបញ្ចប់ជាផ្លូវការ។ ក្រសួងការបរទេសអេស្ប៉ាញបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ស្ថានទូតនឹងត្រូវដឹកនាំដោយ «ភារធារី» (Chargé d’affaires) ជំនួសវិញ ដែលជាការបន្ទាបកម្រិតទំនាក់ទំនងការទូតឱ្យទាបជាងមុន។
«ភារធារី» (Chargé d’affaires) គឺជាមន្ត្រីការទូតដែលដឹកនាំស្ថានទូតបណ្តោះអាសន្ន នៅពេលគ្មានឯកអគ្គទូត ដោយមានឋានៈ និងសិទ្ធិទាបជាងឯកអគ្គទូត និងផ្ដោតសំខាន់លើការងាររដ្ឋបាល និងទំនាក់ទំនងទូទៅ។
គួររំលឹកថា ភាពតានតឹងនេះបានឈានដល់ចំណុចកំពូល បន្ទាប់ពីអេស្ប៉ាញបានសម្រេចបិទកំពង់ផែ និងដែនអាកាសរបស់ខ្លួន មិនឱ្យយន្តហោះ ឬកប៉ាល់ដឹកអាវុធឆ្លងកាត់ទៅកាន់អ៊ីស្រាអែលឡើយ។ ទង្វើនេះត្រូវបានរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar ចោទប្រកាន់ថាជាសកម្មភាព «ប្រឆាំងនឹងជនជាតិយូដា» (Antisemitic)។
លើសពីនេះ ជម្លោះពាក្យសម្តីកាន់តែខ្លាំងក្លា នៅពេលដែលលោក Sa'ar បានចោទអេស្ប៉ាញថា «ឈរខាងជនផ្តាច់ការ» ក្រោយពេលរដ្ឋាភិបាលក្រុងម៉ាឌ្រីដ បដិសេធមិនឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពលើទឹកដីខ្លួន ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី Pedro Sanchez នៅតែបន្តប្រកាន់ជំហររឹងមាំលើគោលការណ៍ «សន្តិភាព»។