មជ្ឈឹមបូព៌ា៖ មន្ត្រីអង្គការសហប្រជាជាតិ (UN) បានចេញមុខព្រមានយ៉ាងធ្ងន់ធ្ងរអំពីវិបត្តិសុខភាព និង បរិស្ថាននៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកលើឃ្លាំងផ្ទុកប្រេងរបស់អ៊ីរ៉ង់ បានបញ្ចេញសារធាតុពុល ក្នុងកម្រិតមហិមាទៅក្នុងបរិយាកាស រហូតបង្កើតឱ្យមានបាតុភូត «ភ្លៀងខ្មៅ» (Black Rain)។
ក្រុមអ្នកជំនាញ បានគូសបញ្ជាក់ថា បាតុភូតនេះបង្កឡើងដោយការឆេះសារធាតុ អ៊ីដ្រូកាបូន ស្ពាន់ធ័រអុកស៊ីត និង សមាសធាតុអាសូត មិនត្រឹមតែបំពុលខ្យល់អាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាភ្លៀងអាស៊ីតបង្កគ្រោះថ្នាក់ខ្លាំងដល់ផ្លូវដង្ហើមរបស់ប្រជាជនក្នុងតំបន់។
ក្រៅពីគ្រោះមហន្តរាយបរិស្ថាន ជម្លោះដែលកំពុងរីករាលដាលនេះក៏បានរុញច្រានឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយ មនុស្សជាង ១០០,០០០ នាក់បន្ថែមទៀតត្រូវបានផ្លាស់ទីលំនៅ នាំឱ្យចំនួនជនភៀសខ្លួនសរុបកើនឡើងដល់ជិត ៧០០,០០០ នាក់។
លោក Jean-Martin Bauer មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសង្កត់ធ្ងន់ថា ផលប៉ះពាល់បានរីករាលដាលដល់សេដ្ឋកិច្ចសកល តាមរយៈការរអាក់រអួលនៃការដឹកជញ្ជូននៅតាមច្រកសមុទ្រយុទ្ធសាស្ត្រសំខាន់ៗដូចជា Hormuz និង Bab El-Mandeb បានបង្ខំឱ្យនាវាដឹកជញ្ជូនត្រូវប្តូរទិសដៅទៅផ្លូវឆ្ងាយជុំវិញ ជ្រោយ Good Hope។ ការផ្លាស់ប្តូរនេះនាំឱ្យតម្លៃធានារ៉ាប់រងហានិភ័យសង្គ្រាមកើនឡើងពី ២,០០០ ទៅ ៤,០០០ ដុល្លារក្នុងមួយកុងតឺន័រ នឹងក្លាយជាបន្ទុកបន្ថែមដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និង ទំនិញនៅលើទីផ្សារពិភពលោក៕