681 ezgif.com resize
Swift cc time

ក្រុមហ៊ុនមនុស្សយន្តចិន នាំយកបច្ចេកវិទ្យារ៉ូបូត ជំរុញវិស័យអប់រំ និង សេវាកម្មចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាមនុស្សយន្តមានរូបរាងដូចមនុស្ស (Humanoid Robots) កំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអប់រំ និង សេវាកម្មក្នុងប្រទេសចិនឱ្យកាន់តែមានភាពទំនើប។ យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក្រុមហ៊ុនផលិតមនុស្សយន្តក្នុងស្រុកជាង ១៤០ កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ខណៈដែលកាលពីឆ្នាំមុន មនុស្សយន្តប្រភេទនេះចំនួន ៨ ក្នុងចំណោម ១០ ដែលត្រូវបានលក់នៅលើទីផ្សារសកល គឺជាផលិតផលរបស់ក្រុមហ៊ុនចិន។

យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្រុមហ៊ុនផលិតមនុស្សយន្ត AgiBot បានចាប់ផ្តើមសហការជាមួយនៅក្នុងវិស័យអប់រំ សម្រាប់សាលាមធ្យមសិក្សានៅក្នុងប្រទេសចិន ដោយរៀបចំវគ្គសិក្សា និង មេរៀនដែលអនុញ្ញាតឱ្យមនុស្សយន្តធ្វើការផ្ទាល់ជាមួយសិស្សានុសិស្ស។

នៅក្នុងផ្នែកសេវាកម្ម មនុស្សយន្តកំពុងដើរតួយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវតាមហាងនានា ក្នុងទីក្រុងស៊ាងហៃ ដោយវាមានសមត្ថភាពឆ្លើយសំណួរអតិថិជន និងបង្កើតបរិយាកាសរស់រវើកក្នុងហាង។ លើសពីនេះ មនុស្សយន្តទាំងនេះត្រូវបានរំពឹងថានឹងអាចបំពេញការងារជំនួសមនុស្សកាន់តែច្រើនឡើង ដូចជាការធ្វើម្ហូប ការដឹកជញ្ជូនទំនិញ និងការងារក្នុងមន្ទីរពេទ្យជាដើម។

អ្នកជំនាញលើកឡើងថា ការប្រើប្រាស់មនុស្សយន្តគឺជាឱកាសដ៏សំខាន់ក្នុងការបំពេញចន្លោះខ្វះខាតនៃកម្លាំងពលកម្ម និងជួយឱ្យក្រុមហ៊ុននានាធ្វើការបានកាន់តែលឿន និងឆ្លាតវៃជាងមុន។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រក៏កំពុងអភិវឌ្ឍកម្មវិធីដែលអនុញ្ញាតឱ្យមនុស្សយន្តរៀនសូត្របានយ៉ាងរហ័សតាមរយៈការមើលវីដេអូ ដែលអាចជួយពន្លឿនសមត្ថភាពរបស់ពួកវាឱ្យត្រៀមខ្លួនសម្រាប់ខ្សែសង្វាក់ផលិតកម្មក្នុងពេលដ៏ខ្លីខាងមុខ៕

Khcct banner

អត្ថបទទាក់ទង