ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួននៅកម្ពុជា កំពុងពិនិត្យតម្លើងថ្លៃដឹករបស់ខ្លួន ខណៈប្រេងនៅតែបន្តឡើងថ្លៃ។ ចំពោះការតម្លើងថ្លៃដឹកនេះ គឺស្ថិតនៅក្នុងភាពសមាមាត្រជាមួយតម្លៃប្រេងដែលបានឡើងថ្លៃ ដោយក្រុមហ៊ុនដឹកជញ្ជូនធ្វើយ៉ាងណាឱ្យតម្លៃដឹកមិនថ្លៃហួសហេតុពេកទេ។ នេះជាការលើកឡើងរបស់ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd និងជាអនុប្រធានសមាគមភស្តុភារកម្មកម្ពុជា មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍នៅថ្ងៃនេះ។
ឧកញ៉ា ស៊ិន ចន្ធី បានមានប្រសាសន៍ថា ដូចដែលបានដឹងហើយថា តំបន់មជ្ឈិមបូព៌ាជាតំបន់ដែលផ្គត់ផ្គង់ប្រេងឆៅដល់ពិភពលោកប្រមាណ ២៥-៣០% ដូចនេះសង្គ្រាមដែលកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ា បានកំពុងធ្វើឱ្យប៉ះពាល់ដល់ចរន្តប្រេងសម្រាប់ផ្គត់ផ្គង់នៅទូទាំងពិភពលោក ជាពិសេសធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃខុសពីធម្មតា។ ជាមួយគ្នានេះ សង្គ្រាមនេះក៏បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនទៅតំបន់មជ្ឈិមបូព៌ា ហើយការធ្វើឱ្យមានការរំខានដល់ការធ្វើពាណិជ្ជកម្ម និងបង្អាក់ណើនសេដ្ឋកិច្ចដែរ។
ឧកញ៉ាបន្ថែមថា ក្នុងកាលៈទេសៈដែលប្រេងកំពុងឡើងថ្លៃនេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញក៏បង្កើនតម្លៃដឹកជញ្ជូនដែរ ព្រោះការដឹកជញ្ជូនួំនិញភាគច្រើន ត្រូវការប្រើប្រាស់ប្រេងម៉ាស៊ូតដែលកំពុងឡើងថ្លៃខ្លាំង។ ទោះជាយ៉ាងណា ក៏ក្រុមហ៊ុនដឹកជញ្ជូនទំនិញតម្លើងថ្លៃដឹកក្នុងតម្លៃមួយសមរម្យ ហើយអាចទទួលយកបាន និងមិនថ្លៃហួសពេកនោះទេ។
«ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃរយៈពេលយូរ វានឹងធ្វើឱ្យវិស័យដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល នៅតែបន្តឡើងថ្លៃ ជាពិសេសអាចនឹងនាំឱ្យតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃផងដែរ។ ជាមួយគ្នានេះ នៅពេលដែលតម្លៃប្រេងនៅតែបន្តឡើងថ្លៃរយៈពេលវែង ប្រជាពលរដ្ឋមួយចំនួនអាចមានភាពសន្សំសំចៃខ្ពស់ជាមុន ដោយអាចងាកមកប្រើប្រាស់មធ្យោបានដឹកជញ្ជូនតាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី ឬវិធីសន្សំសំចៃផ្សេងៗទៀត។» នេះជាមតិរបស់ឧកញ៉ា ស៊ីន ចន្ធី។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងបន្តឡើងថ្លៃបន្ថែមទៀត ដោយក្នុងនោះប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៥,២០០រៀល/លីត្រ និង ម៉ាស៊ូត (Gasoil 10ppm) មានតម្លៃ ៦,០៥០រៀល/លីត្រ៕