ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។
ជាថ្មីម្ដងទៀត ក្រសួងការបរទេសអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការ ណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងករណីប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានសូមទាក់ទង មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម៖
១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(នាយកដ្ឋានកុងស៊ុល) +855 12 652 497 087 999 988
២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ + 90 534 459 9689
៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត + 965 960 58678
៤. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប+20 115 627 9999 ៕