681 ezgif.com resize
Swift cc time

អ្នកជំនាញសេដ្ឋកិច្ច លើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ ខណៈប្រេងកំពុងឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា លើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ ខណៈប្រេងកំពុងឡើងថ្លៃនៅទូទាំងពិភពលោក។ អ្នកជំនាញមើលឃើញថា ប្រេងសាំង ឬប្រេងឥន្ធនៈគ្រប់ប្រភេទ គឺពិតជាទំនិញសំខាន់ ព្រោះកាលណាទំនិញមួយនេះឡើងថ្លៃ អ្វីៗផ្សេងទៀតក៏ឡើងថ្លៃទាំងអស់ ព្រោះទំនិញគ្រប់បែបយ៉ាង ឬអ្នកផ្តល់សេវាតែងតែត្រូវការប្រេងជាមធ្យោបាយដឹកជញ្ជូន ជាមធ្យាបាយសម្រាប់ដំណើរការឱ្យផលិតកម្ម។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ប្រាកដណាស់ សាំងឡើងថ្លៃបានផ្តល់ផលប៉ះពាល់ដល់ជីវភាពប្រជាជន សូម្បីតែអ្នករកស៊ីដឹកជញ្ជូន អ្នកដំណើរផ្សេងៗគឺសុទ្ធតែមានផលប៉ះពាល់ទាំងអស់។ ផលប៉ះពាល់នេះ គឺមិនមែនកើតមានត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺប៉ះពាល់ដល់ប្រជាជននៅទូទាំងពិភពលោក។

លោកស្រីបន្តថា ធម្មតាទេ បើកាលណាសាំងឡើងថ្លៃ អ្វីៗផ្សេងទៀតក៏ឡើងថ្លៃទាំងអស់ដែរ ព្រោះទំនិញគ្រប់បែបយ៉ាងទាំងអស់ ឬអ្នកផ្តល់សេវា តែងតែត្រូវការប្រេងជាមធ្យោបាយដឹកជញ្ជូន ជាមធ្យាបាយសម្រាប់ឱ្យដំណើរការផលិតកម្ម ដូចនេះ សាំងជាទំនិញសំខាន់បំផុត។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា 

«ដើម្បីកុំឱ្យមានផលប៉ះពាល់សោះទៅលើជីវភាព គឺមិនអាចធ្វើទៅរួចទេ ព្រោះបញ្ហានេះគឺបានប៉ះពាល់ទៅគ្រប់គ្នាទាំងអស់រួចទៅហើយ មិនមែនមានផលប៉ះពាល់តែក្នុងប្រទេសកម្ពុជាមួយទេ។ អ្វីដែលគួរធ្វើ គឺមានតែការសន្សំសំចៃ បើអាចគួរប្រើមធ្យោបាយធ្វើដំណើរសាធារណៈ ជាពិសេសអ្នកនៅទីក្រុងភ្នំពេញផ្ទាល់តែម្តង។ មួយវិញទៀត អ្វីដេលអាចគួរជៀសបានគួរតែជៀសឱ្យបានសិន ជាក់ស្ដែងដូចជាការធ្វើដំណើរកម្សាន្តទៅផ្លូវឆ្ងាយ គួរតែផ្អាកសិនបើអាច។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងដែរថា ចំពោះការហក់ឡើងនៃថ្លៃប្រេងនេះគឺជាគ្រោះដែលបានកើតឡើងពីសង្គ្រាម ដោយមិនមានប្រទេសណាដែលអាចទប់ស្កាត់បានទេ មានតែប្រទេសដែលអាចផលិតប្រេងបានខ្លួនឯងប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការឡើងថ្លៃប្រេងនេះបាន។

លោកបន្តថា ត្រង់ចំនុចនេះ សេដ្ឋកិច្ចពិភពលោកក៏កំពុងប្រឈមនឹងការធ្លាក់ចុះ ហើយការឡើងថ្លៃប្រេងក៏នឹងទាញឱ្យសេដ្ឋកិច្ចថមថយជាងមុនបន្ថែមទៀត។ ទាំងនេះគឺជាទ្វេគ្រោះរបស់ពិភពលោកក្នុងឆ្នាំ២០២៦ ហើយក្នុងនោះកម្ពុជាក៏រងគ្រោះនូវទ្វេគ្រោះនេះដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា 

«ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងក្រឡេកទៅមើលសកម្មភាពនេះ ថ្លៃដើមនៃការឡើងថ្លៃប្រេង មានការកើនឡើងមិនត្រឹមតែក្នុងប្រទេសកម្ពុជានោះទេ តែកើនឡើងនៅទូទាំងពិភពលោក។ ការឡើងថ្លៃតម្លៃប្រេងនេះ អាចធ្វើឱ្យការនាំចេញរបស់កម្ពុជាមានការថមថយដោយសារថ្លៃឡើងខ្ពស់ ធ្វើឱ្យអ្នកទិញកាត់បន្ថយការប្រើប្រាស់ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ថយល្បឿនជាងមុន។» នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

លោកបន្ថែមថា ម្យ៉ាងទៀត នៅពេលដែលប្រេងឡើងថ្លៃ គឺធ្វើឱ្យថ្លៃកសិផលមានការកើនឡើង ដោយសារកសិផលកម្ពុជាត្រូវការម៉ាស៊ីនបូមទឹកដើម្បីស្រោចស្រង់ ដូច្នេះតម្លៃថ្លៃដើមលើវិស័យកសិកម្មរបស់កម្ពុជាថ្លៃខ្ពស់ជាងមុន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយការឡើងថ្លៃប្រេងបូករួមនឹងការឡើងថ្លៃស្បៀង គឺរួមចំណែកឱ្យអតិផរណាកើនឡើងផងដែរ៕

Khcct banner

អត្ថបទទាក់ទង