ចិន៖ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២ នៃសម័យប្រជុំប្រចាំឆ្នាំលើកទី៤ របស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) អាណត្តិទី១៤ ថ្នាក់ដឹកនាំកំពូលរបស់ចិនរួមមានលោកប្រធានាធិបតី ស៊ី ជិនភីង បានពិភាក្សាលើរបាយការណ៍ការងារសំខាន់ៗដែលបង្ហាញពីសមិទ្ធផលក្នុងឆ្នាំ២០២៥ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។ក្នុងផែនការឆ្នាំនេះ មហាអំណាចចិន បានប្រកាសដាក់ចេញនូវផែនការអនុវត្តច្បាប់ប្រឆាំង «អំពើពុករលួយឆ្លងដែន» នៅឆ្នាំ២០២៦។
ប្រធានសភាជាតិ លោក ចាវ ឡឺជី (Zhao Leji) បានថ្លែងក្នុងកិច្ចប្រជុំថា សម្រាប់ផែនការឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមនៃផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) សភាចិន បានប្រកាសថានឹងរៀបចំអនុម័តច្បាប់សំខាន់ៗជាច្រើន រួមមានច្បាប់ស្តីពីការប្រឆាំង «អំពើពុករលួយឆ្លងដែន» ច្បាប់ស្ថិរភាពហិរញ្ញវត្ថុ ច្បាប់ទ្រព្យសម្បត្តិរដ្ឋ និង ការសិក្សាលើការបង្កើតច្បាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញទំនើបកម្មបែបចិន និងពង្រឹងអភិបាលកិច្ចជាតិឱ្យកាន់តែរឹងមាំ ស្របតាមស្មារតីសាមគ្គីភាពជុំវិញគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក ស៊ី ជិនភីង ជាស្នូល។
លោកថា កាលពីឆ្នាំកន្លងទៅ សភាតំណាងរាស្ត្រជាតិចិន បានពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៤០ និងបានអនុម័តចំនួន ២៤ រួមមានការកំណត់យកថ្ងៃទី២៥ ខែតុលា ជា «ទិវាស្តារកោះតៃវ៉ាន់ឡើងវិញ» ដើម្បីពង្រឹងការចងចាំប្រវត្តិសាស្ត្ររួមគ្នារវាងជនរួមជាតិទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
យោងតាម របាយការណ៍តុលាការ និងអយ្យការក៏បានបង្ហាញពីប្រសិទ្ធភាពការងារយ៉ាងខ្ពស់ តុលាការចិនគ្រប់ជាន់ថ្នាក់បានដោះស្រាយរឿងក្តីបានជាង ៣៦ លានករណី (កើនឡើង ៨,៩%) ខណៈដែលស្ថាប័នអយ្យការបានចាត់ការលើករណីបានជាង ៣,៤៦ លានករណី ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ៕