បង់ក្លាដេស៖ រដ្ឋាភិបាលបង់ក្លាដេសបានសម្រេចបិទសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃ៩មីនា ដោយរំកិលថ្ងៃឈប់សម្រាកបុណ្យ Eid al-Fitr ឱ្យមកដល់មុនកំណត់ ដើម្បីឆ្លើយតបនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ វិធានការបន្ទាន់នេះមានគោលបំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងបរិវេណសិក្សា និងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលនាំឱ្យខ្ជះខ្ជាយប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះពឹងផ្អែកលើការនាំចូលថាមពលរហូតដល់ ៩៥%។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីម្នាក់បានបន្ថែមថា ទីធ្លាសាកលវិទ្យាល័យប្រើប្រាស់អគ្គិសនីយ៉ាងច្រើនសម្រាប់អន្តេវាសិកដ្ឋាន បន្ទប់រៀន មន្ទីរពិសោធន៍ និងម៉ាស៊ីនត្រជាក់ ដូច្នេះការបិទមុនកាលកំណត់នឹងជួយកាត់បន្ថយសម្ពាធលើប្រព័ន្ធផ្គត់ផ្គង់ថាមពលជាតិដែលកំពុងជួបការលំបាក ខណៈសាលារដ្ឋ និងឯកជនផ្សេងទៀតត្រូវបានបិទរួចជាស្រេចសម្រាប់ខែរ៉ាម៉ាដាន (Ramadan)។
ក្រៅពីវិស័យអប់រំ រដ្ឋាភិបាលបង់ក្លាដេសក៏បានបង្គាប់ឱ្យរោងចក្រជីរបស់រដ្ឋចំនួន ៤ បញ្ឈប់ប្រតិបត្តិការដើម្បីបង្វែរហ្គាសទៅផ្គត់ផ្គង់រោងចក្រអគ្គិសនីវិញ រួមទាំងការកំណត់កម្រិតលក់ប្រេងប្រចាំថ្ងៃ ដើម្បីធានាស្ថិរភាពថាមពលជាតិក្នុងកាលៈទេសៈដ៏លំបាកនេះ ចំពេលដែលបុណ្យ Eid al-Fitr ដែលជាបុណ្យបញ្ចប់ការតមអាហាររបស់សាសនាឥស្លាមជិតឈានចូលមកដល់។