681 ezgif.com resize
Swift cc time

ការនាំចេញ-នាំចូលទំនិញកម្ពុជារយៈពេល២ខែដើមឆ្នាំ២០២៦ សម្រេចបានក្នុងទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ កើនឡើងជាង១៧%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល២ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករាដល់កុម្ភៈ ការនាំចេញ-នាំចូលទំនិញកម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១១.១១ ពាន់លានដុល្លារ កើនឡើង ១៧.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិរយៈពេល២ខែកន្លងទៅនេះ កម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ប្រមាណជាង ៥.២ ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលមានប្រមាណ ៥.៨ ពាន់លានដុល្លារ កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

បើតាមរបាយការណ៍ ដៃគូពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាធ្វើការនាំចេញ នាំចូលច្រើនជាងគេក្នុងរយៈពេល២ខែកន្លងទៅនេះ គឺចិន បន្ទាប់មកមាន អាម៉េរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី អេស្ប៉ាញ កាណាដា មីយ៉ាន់ម៉ា ជាដើម។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕ 

Khcct banner

អត្ថបទទាក់ទង