681 ezgif.com resize
Swift cc time

វៀតណាម លើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម វៀតណាម បានអំពាវនាវដល់បណ្តាអាជីវកម្មនានាក្នុងប្រទេស ឱ្យអនុវត្តការធ្វើការពីចម្ងាយ (Remote working) និង ជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់យានយន្តឯកជន ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ខណៈដែលការផ្គត់ផ្គង់កំពុងរងសម្ពាធយ៉ាងខ្លាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា ក្នុងឆ្នាំ ២០២៥ វៀតណាមត្រូវការប្រេងប្រមាណ ២៨,៦ លានម៉ែត្រគូប ប៉ុន្តែប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូល ទោះបីជាមានរោងចក្រចម្រាញ់ប្រេងក្នុងស្រុកចំនួនពីរក៏ដោយ។នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត ដោយបានស្នើសុំការសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិចារណាបន្តការផ្គត់ផ្គង់ប្រេងឆៅមកកាន់ប្រទេសវៀតណាម។ បន្ថែមលើនេះ រដ្ឋាភិបាលវៀតណាមក៏បានបញ្ចេញប្រេងបម្រុងចំនួន ៤ លានបារ៉ែល ដើម្បីឆ្លើយតបនឹងតម្រូវការ។

អាជ្ញាធរវៀតណាម ក៏បានណែនាំពលរដ្ឋកុំឱ្យមានការភ័យស្លន់ស្លោ រហូតដល់មានការផ្អើលទិញប្រេងស្តុកទុក និង បានជំរុញពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ប្រើប្រាស់ប្រេងជីវឥន្ធនៈ (Biofuels) ព្រមទាំងរាយការណ៍រាល់សកម្មភាពមិនប្រក្រតីនៅតាមស្ថានីយប្រេងឥន្ធនៈ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនរួមមាន ចិន ជប៉ុន និងថៃ បានរឹតបន្តឹងលើការនាំចេញប្រេងឥន្ធនៈរួចហើយ ខណៈដែលប្រទេសជាច្រើនក្នុងតំបន់ ក៏បានដាក់ចេញនូវវិធានការសន្សំសំចៃប្រេងក្នុងស្រុក និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងៗ ចំពេលដែលការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងតំបន់កំពុងមានភាពតានតឹងដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា៕

Khcct banner

អត្ថបទទាក់ទង