ហ្វីលីពីន៖ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នេះតទៅ រដ្ឋាភិបាលហ្វីលីពីន បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវការអនុវត្តធ្វើការត្រឹមតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ស្ថាប័នរដ្ឋមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងខ្លាំងនៃតម្លៃប្រេងសកល។ វិធានការបន្ទាន់ ដាក់ចេញដោយប្រធានាធិបតី លោក Ferdinand Marcos Jr. នេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និង ថាមពលអគ្គិសនីឱ្យបានពី ១០% ទៅ ២០% ក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងអាម៉េរិក កំពុងបង្កការគំរាមកំហែងដល់ស្ថិរភាពថាមពល។
យោងតាមការចុះផ្សាយរបស់កាសែត Philstar Global ក្រៅពីការកាត់បន្ថយថ្ងៃធ្វើការ រដ្ឋាភិបាលក៏បានផ្អាករាល់សកម្មភាពសិក្ខាសាលាខាងក្រៅ និងការដើរកម្សាន្តជាក្រុម ដោយជំរុញឱ្យប្រើប្រាស់ការប្រជុំតាមអនឡាញជំនួសវិញ។ វិធានការនេះ ក៏មានករណីលើកលែង សម្រាប់ស្ថាប័នផ្តល់សេវាសាធារណៈចាំបាច់ និង សេវាសង្គ្រោះបន្ទាន់ រួមមាន នគរបាល និង ភ្នាក់ងារពន្លត់អគ្គិភ័យ នៅតែបន្តបំពេញភារកិច្ចតាមកាលវិភាគធម្មតា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
បើតាម លោក Marcos បានព្រមានថា ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបិទនោះ តម្លៃប្រេងសាំងក្នុងស្រុកអាចនឹងឡើងថ្លៃបន្ថែមដល់៤២០០រៀល និង ប្រេងម៉ាស៊ូតឡើងដល់ ៥៣០០ រៀល ក្នុងមួយលីត្រ។លោកជំរុញឱ្យសភាពិនិត្យលើការកាត់បន្ថយពន្ធអាករ និង ការផ្តល់ឧបត្ថម្ភធនដល់ពលរដ្ឋរងគ្រោះ ដោយសង្កត់ធ្ងន់ថា ទោះបីជាហ្វីលីពីន ជាជនរងគ្រោះនៃជម្លោះដែលខ្លួនមិនបានជ្រើសរើស ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានវិធានការដាច់ខាត ដើម្បីការពារជីវភាពរបស់ប្រជាជនខ្លួន៕