ចិន៖ នៅក្នុងសន្និសីទសារព័ត៌មាននៃសម័យប្រជុំសភាជាតិចិន (NPC) លើកទី១៤ នៅថ្ងៃអាទិត្យនេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសង្កត់ធ្ងន់ថា កិច្ចការសកលលោកមិនគួរត្រូវបានត្រួតត្រាដោយមហាអំណាចត្រឹមមួយក្តាប់តូចនោះទេ ប៉ុន្តែត្រូវផ្អែកលើ «ពិភពលោកពហុប៉ូលដែលមានសមធម៌ និងរបៀបរៀបរយ»។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាចិន និងអាម៉េរិកមានឥទ្ធិពលខ្លាំង ប៉ុន្តែពិភពលោកមានប្រទេសជាង ១៩០ ដែលសុទ្ធតែជាអ្នករួមចំណែកសរសេរប្រវត្តិសាស្ត្រ និងកំណត់អនាគតរួមរបស់មនុស្សជាតិ។ លោកថ្លែងថា ភាពចម្រុះគឺជាធម្មជាតិរបស់សង្គមមនុស្ស ហើយការវិវត្តទៅរកប្រព័ន្ធពហុប៉ូលគឺជាតម្រូវការចាំបាច់នៃសណ្តាប់ធ្នាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិនបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះផ្លូវនៃ «អនុត្តរភាព» (Hegemony) ឬការបំបែកប្លុកប្រឈមមុខគ្នា ដែលលោកចាត់ទុកថាជាប្រភពនៃគ្រោះមហន្តរាយដល់មនុស្សជាតិ។
លោកបានបញ្ជាក់ថា ចិនបានចារឹកក្នុងរដ្ឋធម្មនុញ្ញនូវការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ និងការអភិវឌ្ឍដោយសន្តិវិធី។ មិនថាចិនរីកចម្រើនខ្លាំងកម្រិតណាក៏ដោយ ចិននឹងមិនស្វែងរកការត្រួតត្រា ឬការពង្រីកទឹកដីជាដាច់ខាត ប៉ុន្តែនឹងដើរតួនាទីជាមហាអំណាចដែលទទួលខុសត្រូវខ្ពស់ ធ្វើជាគំរូក្នុងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីកសាងការគ្រប់គ្រងសកលលោកឱ្យមានយុត្តិធម៌សម្រាប់គ្រប់ប្រជាជាតិទាំងអស់៕