អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសាររិះគន់ធ្ងន់ៗទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អង់គ្លេសកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះចំនួន ២គ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ បានបញ្ជាក់ថា អាម៉េរិក «មិនត្រូវការ» ជំនួយពីអង់គ្លេសទៀតឡើយ ព្រោះអាម៉េរិកជិតឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ទៅហើយ។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
លោក ត្រាំ បានគូសបញ្ជាក់តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថា «យើងមិនត្រូវការអ្នកដែលមកចូលរួមសង្គ្រាម នៅពេលដែលយើងបានឈ្នះរួចទៅហើយនោះទេ!»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងមហាអំណាចទាំងពីរនេះ បានកើតឡើងបន្ទាប់ពីលោក Starmer បានបដិសេធមិនឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់នៅដំណាក់កាលដំបូង ដែលធ្វើឱ្យលោក ត្រាំ ខឹងសម្បារយ៉ាងខ្លាំង និងចោទប្រកាន់លោក Starmer ថាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។
លោកបានបន្ថែមទាំងបែបចំអកថា ទោះបីជាពេលនេះអង់គ្លេសកំពុងរៀបចំនាវាផ្ទុកយន្តហោះ HMS Prince of Wales ក៏ដោយ ក៏លោកនឹង «ចងចាំទុក» នូវការខ្វះខាតការគាំទ្រពីសំណាក់សម្ព័ន្ធមិត្តដែលធ្លាប់តែជិតស្និទ្ធបំផុតមួយនេះ៕