អ៊ីស្រាអែល៖ លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងសុន្ទរកថាដ៏មានឥទ្ធិពលមួយទៅកាន់ពលរដ្ឋរបស់ខ្លួន ដោយប្រកាសពីការបន្តយុទ្ធនាការយោធា «Operation Roaring Lion» ដើម្បីកម្ចាត់របបដឹកនាំអ៊ីរ៉ង់ និងបណ្តាញភេរវកម្មក្នុងតំបន់មជ្ឈិមបូព៌ា។លោក នេតាន់យ៉ាហ៊ូ បានអះអាងថា ក្រោមសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អ៊ីស្រាអែលបានសម្រេចចិត្តវាយប្រហារចំគោលដៅយុទ្ធសាស្ត្រសំខាន់ៗក្នុងប្រទេសអ៊ីរ៉ង់ រួមមានហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមូលដ្ឋានយោធា ដើម្បីទប់ស្កាត់ជាមុននូវការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់។
លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងស្ថិតក្នុងសមរភូមិដែលសម្រេចលើ «វាសនា និងអាយុជីវិតរបស់ប្រទេសជាតិ» ហើយលោកក៏បានសម្តែងការកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋ និងវីរភាពរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានវាយបកសត្រូវនៅ «គ្រប់ច្រក» តាំងពីព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា មក។
លើសពីនេះ នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងពីជោគជ័យនៃការកម្ចាត់មេដឹកនាំសំខាន់ៗ រួមមាន មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ក្នុងតំបន់ហ្គាហ្សា (Gaza) មេដឹកនាំក្រុមហេសបូឡា លោក Nasrallah ក្នុងប្រទេសលីបង់ និងការឈានទៅដល់ការដួលរលំនៃរបបដឹកនាំក្នុងប្រទេសស៊ីរី។
លោកបានចាត់ទុកថា ជោគជ័យទាំងនេះគឺជាការផ្លាស់ប្តូរមុខមាត់ថ្មីនៃតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនឹងនេះ លោកបានផ្ញើសារទៅកាន់ប្រជាជនអ៊ីរ៉ង់ថា អ៊ីស្រាអែលមិនមានបំណងបំបែកបំបាក់ប្រទេសអ៊ីរ៉ង់ឡើយ ប៉ុន្តែចង់ជួយរំដោះពួកគេឱ្យផុតពីរបបផ្តាច់ការ ដើម្បីកសាងសន្តិភាពជាមួយគ្នានាពេលអនាគត។
ជាចុងក្រោយ លោក នេតាន់យ៉ាហ៊ូ ក៏បានរិះគន់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ចំពោះភាពទន់ជ្រាយ និងការមិនអើពើលើការកាប់សម្លាប់រង្គាលដែលបង្កដោយរបបដឹកនាំអ៊ីរ៉ង់។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការយោធាដោយឥតងាករេ រហូតដល់សម្រេចបានជ័យជម្នះចុងក្រោយ និងធានាបាននូវសន្តិសុខដ៏យូរអង្វែងសម្រាប់រដ្ឋអ៊ីស្រាអែល៕