ភ្នំពេញ៖ ផ្ទះត្រចៀកកាំជិត ៨០០ផ្ទះ និងកន្លែងកែច្នៃចំនួន ៦ កំពុងស្ថិតក្នុងការត្រួតពិនិត្យដើម្បីនាំចេញទៅចិន។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកកាន់ស៊ីស៊ីថាមស៍។
បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសម្របសម្រួលការងារនេះជាមួយអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីឱ្យការនាំចេញអាចធ្វើឡើងនៅក្នុងឆ្នាំ២០២៦បាន។
មកដល់ពេលនេះមានផ្ទះត្រចៀកកាំចំនួន ៧៩៨ ផ្ទះ និងកន្លែងកែច្នៃបឋមសម្រាប់នាំចេញចំនួន ៦ បានចុះបញ្ជីនៅរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ហើយរដ្ឋបាល រួមជាមួយនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា និងអគ្គរដ្ឋបាលគយចិន គឺកំពុងធ្វើការពិនិត្យនិងវាយតម្លៃសម្រាប់ធ្វើការនាំចេញស្របតាមពិធីសារដែលបានចុះ។
គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣៧ ក្នុងនោះមានពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣មុខរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
ឯកសារពិធីសារទាំង៣ រួមមាន៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន, ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡឺស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន និងពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕