681 ezgif.com resize
Swift cc time

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៦មីនានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ត្រូវបានបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។

អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ មាន ៥ជាន់ (រាប់ទាំងជាន់ក្រោមដី) គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារផ្សេៗងគ្នា។

សម្រាប់ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។ ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងករ។ ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ (Oncology) មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។ ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហារ (Gastrology) មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ។ ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ (Pneumology 2) មាន ២៨ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ ។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ ក្តីសង្ឃឹម ក្តីមេត្តា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែល ជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹង គុណភាពសេវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស និងសូមជូនពរចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ៕


Khcct banner

អត្ថបទទាក់ទង