681 ezgif.com resize
Swift cc time

ឡាវជួបវិបត្តិតម្លៃប្រេងហក់ឡើងខ្លាំងមិនធ្លាប់មាន ដោយសារទីផ្សារប្រេងថៃ និងសកលប្រែប្រួល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងចន្ទន៍៖ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសឡាវបានហក់ឡើងយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផលវិបាកដោយផ្ទាល់ពីភាពវឹកវរក្នុងទីផ្សារប្រេងសកល បង្កឡើងដោយជម្លោះយោធាកាន់តែរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា។នេះបើតាមកាសែតThe Laotian Times។

យោងតាមសេចក្តីជូនដំណឹងថ្មី តម្លៃប្រេងម៉ាស៊ូតបានកើនឡើងដល់ទៅ ៧,៣៨០ គីបក្នុងមួយលីត្រ(ប្រហែល ១,៣៥០ រៀល/លីត្រ)។ ខណៈសាំងធម្មតាកើនឡើង ៣,៨១០ គីប(ប្រហែល ៧០០ រៀល) និងសាំងស៊ុបពែរកើនឡើង ៣,១៥០ គីប(ប្រហែល ៥៧០ រៀល) ។អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ជាធម្មតាសាំងនៅឡាវឡើងថ្លៃត្រឹមតែ ៨០ ទៅ ៣០០ គីប (ប្រហែល ១៥ ទៅ ៥០ រៀល) ប៉ុណ្ណោះ។ ដូច្នេះ ការឡើងថ្លៃរហូតដល់ខ្ទង់ ៧០០ រៀល ក្នុងពេលតែមួយបែបនេះ គឺខ្ពស់ជាងធម្មតាដល់ទៅជិត ១៥ ដង ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់។

មូលហេតុចម្បងដែលធ្វើឱ្យប្រទេសឡាវរងឥទ្ធិពលខ្លាំងបែបនេះ គឺដោយសារការដាច់ស្តុក និងការកើនឡើងនៃតម្លៃប្រេងឆៅសកលចន្លោះពី ៧៥ ទៅ ៨៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការព្រួយបារម្ភពីការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចថាមពលពិភពលោក។

គួរបញ្ជាក់ថា ឡាវគឺជាប្រទេសដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលប្រេងពីប្រទេសថៃ ដែលមានរហូតដល់ទៅ ៩៧.១០% នៃទំហំនាំចូលសរុប ឬស្មើនឹងទឹកប្រាក់ប្រមាណ ១.២២ ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅ។ ទំនាក់ទំនងសេដ្ឋកិច្ចដ៏ស្អិតរមួតនេះ បានធ្វើឱ្យរាល់ការប្រែប្រួលនៃតម្លៃប្រេងនៅក្នុងប្រទេសថៃ និងទីផ្សារអន្តរជាតិ ជះឥទ្ធិពលផ្ទាល់ភ្លាមៗដល់សន្តិសុខថាមពល និងជីវភាពរស់នៅរបស់ប្រជាជនឡាវ ជាពិសេសលើវិស័យដឹកជញ្ជូន និងកសិកម្ម។

បច្ចុប្បន្ន ស្ថានភាពនៅតាមស្ថានីយប្រេងក្នុងទីក្រុងវៀងចន្ទន៍មានភាពអ៊ូអរខ្លាំង ដោយសារពលរដ្ឋសម្រុកទៅចាក់សាំងព្រោះបារម្ភពីការខ្វះខាតការផ្គត់ផ្គង់នាពេលខាងមុខ។

ជាការឆ្លើយតប ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានដាក់ចេញនូវវិធានការតឹងរ៉ឹង ដោយតម្រូវឱ្យក្រុមហ៊ុននាំចូលទាំងអស់រាយការណ៍ពីស្តុកប្រចាំថ្ងៃ និងបានព្រមានដល់អាជីវករទាំងឡាយកុំឱ្យមានការលួចស្តុកទុកប្រេងខុសច្បាប់ ឬឆ្លៀតឱកាសកេងចំណេញលើទីផ្សារក្នុងគ្រាមានវិបត្តិនេះ។

Khcct banner

អត្ថបទទាក់ទង