សេតវិមាន៖ នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកត្រូវតែមានវត្តមានក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូល Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនាដើមសង្រ្គាម។
លោក ត្រាំ បានបញ្ជាក់ថា លោកចង់ឃើញមេដឹកនាំថ្មីដែលអាចដឹកនាំប្រទេសអ៊ីរ៉ង់ទៅរកអនាគតដ៏ល្អ ដើម្បីកុំឱ្យអាម៉េរិកត្រូវត្រឡប់មកដោះស្រាយបញ្ហាដដែលៗរៀងរាល់ ៥ឆ្នាំម្ដង ខណៈលោកយល់ថា កូនប្រុសរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ទំនងជាមិនអាចឡើងកាន់តំណែងបន្តនោះទេ។ លោក ត្រាំ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរបស់កងកម្លាំងឃើដអ៊ីរ៉ង់ ដែលមានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងការឆ្លងដែនទៅវាយប្រហារលើកងកម្លាំងសន្តិសុខក្នុងប្រទេសអ៊ីរ៉ង់ ដោយលោកចាត់ទុកថាវាជារឿង «អស្ចារ្យ»។
បើតាមលោកត្រាំ «ខ្ញុំត្រូវតែចូលរួមពាក់ព័ន្ធក្នុងការតែងតាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ថ្មី ដូចគ្នាដែលខ្ញុំបានធ្វើជាមួយ លោកស្រី ដែលស៊ី (Delcy) នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាអញ្ចឹង។ កូនប្រុសរបស់ ខេម៉ាណី គឺ «ខ្ញុំមិនអាចទទួលយកបានទេ។ យើងចង់បាននរណាម្នាក់ដែលនឹងនាំមកនូវភាពសុខដុមរមនា និងសន្តិភាពដល់ប្រទេសអ៊ីរ៉ង់»។