681 ezgif.com resize
Swift cc time

នាយកប្រតិបត្តិអង្គការ PCL៖ ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning (PCL) លោក Travis Johnson Christian នៅថ្ងៃទី៤ខែមីនា ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤) បានសម្តែងនូវការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ។ នាយកប្រតិបត្តិអង្គការ PCL រូបនេះ ចាត់ទុកការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន ដ្បិតកងទ័ពថៃបានបង្កឱ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់។

លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL បានលើកឡើងទាំងក្តីរំជួលចិត្តថា៖«ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ វាជារឿងសោកស្តាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យកម្ពុជា បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែង និងភូមិឋាន»។ លោកបានបញ្ជាក់បន្ថែមថា លោកនឹងផ្សព្វផ្សាយការពិតនៃរំលោភបំពាននេះទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។

ជាការឆ្លើយតប លោក កែប ជុតិមា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូដែលបានស្វែងយល់ការពិត នៃការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ភាគីថៃ។ លោកបានជម្រាបជូនគណៈប្រតិភូថា បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់ តាមរយៈការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់។

លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយអាណានិគមបារាំង និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។ លោក កែប ជុតិមា បន្តថា សន្តិភាពនៅតែជាគុណតម្លៃស្នូល ហើយ កម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន។

សូមបញ្ជាក់ថា អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០៤។ ក្រៅពីជំនួបពិភាក្សា គណៈប្រតិភូក៏បានស្វែយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្នូលទាំង៤ របស់រដ្ឋសភា រួមមាន៖ នីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាង និងការទូតសភា តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕


Khcct banner

អត្ថបទទាក់ទង