ភ្នំពេញ៖ ក្នុងរយៈពេល២ខែ នៃឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១៤២ លានដុល្លារ ពីការនាំចេញអង្ករចំនួន ២៤៧ ៨២២ តោន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ការនាំចេញអង្ករ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ មានចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារ, ប្រទេសចិន និងហុងកុង ចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារ, ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារ, និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២០ ១៦២ តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារ។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.១៦% ប្រភេទអង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨%។
របាយការណ៍ក៏បានបញ្ជាក់ថា រយៈពេល២ខែកន្លងទៅនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោន ទៅកាន់ប្រទេសជិតខាង ដែលគិតជាទឹកប្រាក់មានចំនួន ១៩៦.៦២ លានដុល្លារអាម៉េរិក៕